ត្បូងឃ្មុំ៖ ឯកឧត្ដម អ៊ាង សុផល្លែត ប្រធានក្រុមគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនជាង៣៥០នាក់ មកពីភូមិចំនួន៧ គឺភូមិថ្មសំលៀង ភូមិបន្ទាយមៀន ភូមិថ្មី ភូមិព្រៃសំបួរកើត ភូមិព្រៃសំបួរលិច ភូមិស្វាយពក និងភូមិកន្លែងចក ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

បន្ទាប់ពីបានលើកឡើងពីសមិទ្ធផលនានាដែលក្រុមការងារបានចូលរួមស្ថាបនានៅក្នុងមូលដ្ឋាន និងការវិវឌ្ឍរបស់សង្គមជាតិ ឯកឧត្តមប្រធានបានជំរុញឱ្យបងប្អូនទាំងអស់គ្នាខិតខំបន្សល់ស្នាដៃ ក៏ដូចជាកេរដំណែលដល់ក្មេងជំនាន់ក្រោយ ដែលនោះ គឺមិនមែនសំដៅទៅលើតែសមិទ្ធផលរូបវន្តប៉ុណ្ណោះទេ គឺកេរដំណែលនេះសំដៅលើសុខសន្តិភាព។
ឯកឧត្តមប្រធាន បានបន្ថែមថា ក្នុងនាមអ្នកដែលកើតក្នុងទស្សវត្សរ៍៧០ ឬមុននេះ យើងបានទទួលរងទុក្ខវេទនាពីផលវិបាក នៃសង្គ្រាមរួមមាន៖ ការប្រាត់ប្រាស់សាច់ញាតិក្រុមគ្រួសារ ការរស់នៅគ្មានសិទ្ធិសេរីភាព រស់នៅក្រោមការភ័យខ្លាច ខ្វះខាតសព្វបែបយ៉ាង ជាពិសេសការហូបចុក ដូចនេះយើងមិនត្រូវឱ្យជាន់ដានប្រវត្តិសាស្ត្រជាដាច់ខាត កុំឱ្យក្មេងជំនាន់ក្រោយស្តីបន្ទោសយើងថា គ្មានទំនួលខុសត្រូវចំពោះសង្គមជាតិ យើងត្រូវការពារឱ្យខាងតែបាននូវសន្តិភាព ដើម្បីអនុញ្ញាតឱ្យក្មេងជំនាន់ក្រោយទទួលបានឱកាសក្លាយជាទំពាំងស្នងឬស្សី ទទួលបន្តភារកិច្ចពីយើងដើម្បីបន្តនិរន្តភាពអភិវឌ្ឍន៍សង្គមជាតិយើង។
ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសក្នុងសន្តិភាពជាបន្តទៅទៀត ឯកឧត្តមបានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសមិទ្ធិផលដែលមានស្រាប់ អោយបានស្ថិតស្ថេរ គង់វង្ស ក្នុងការចូលរួមចំណែក កសាងនូវ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងភូមិឃុំមានសុវត្ថិភាព និង សូមពុកម៉ែបងប្អូន ទាំងអស់ ទៅបោះឆ្នោតនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខកខាន និងកុំភ្លេចគូសអោយចំលេខរៀងទី១៨ នៃសន្លឹកឆ្នោត ដែលមានរូបទេវតាបាចផ្កា នៅខាងក្រោមបង្អស់នៃសន្លឹកឆ្នោត ផ្នែកខាងស្តាំ ដែលមានសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពជាបេក្ខភាពនាយករដ្ឋមន្ត្រី៕




