ទួរគី៖ លោក អាលី យើលីកាយ៉ា (Ali Yerlikaya) រដ្ឋមន្ត្រីថ្មីនៃក្រសួងមហាផ្ទៃរបស់ប្រទេសទួរគី បាននិយាយថា នគរបាលរបស់ប្រទេសនេះ បានបង្ក្រាបមនុស្សជាច្រើនដែលត្រូវបានចោទប្រកាន់ជាប់ពាក់ព័ន្ធការជួញដូររូបិយប័ណ្ណគ្រីបតូ ។
យោងតាមលោក យើលីកាយ៉ា គណនីធនាគារជាង៤ពាន់ ត្រូវបានត្រួតពិនិត្យនិងមានប្រាក់លីរ៉ា របស់ទួរគីសរុបចំនួន១.២ពាន់លាន ស្មើរនឹង៥១លានដុល្លារអាមេរិក ត្រូវបានរកឃើញថាបានធ្វើប្រតិបត្តិការផ្ទេរសាច់ប្រាក់រវាងគណនីទាំងនោះ។
រដ្ឋមន្ត្រីខាងលើនេះ បាននិយាយថា ជនសង្ស័យចំនួន១២០នាក់ ត្រូវបានឃុំខ្លួន នៅក្នុងប្រតិបត្តិការដំណាលគ្នា ទូទាំងខេត្តចំនួន៣៧ ដោយបន្ថែមថា រដ្ឋាភិបាល នឹងបន្តប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យបានហ្មត់ចត់៕

