UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារបានជំរុញឱ្យភាគីទំាងអស់ធ្វើការឱ្យអស់ពីសមត្ថភាពដើម្បីធានាបានការបន្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន និងផលិតផលកសិកម្មផ្សេងៗទៀតពីកំពង់ផែសមុទ្រខ្មៅ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញដោយអ្នកនាំពាក្យរបស់លោក លោក Guterres បានអំពាវនាវដល់ភាគីនានាឱ្យពន្លឿនប្រតិបត្តិការ ដោយចង្អុលបង្ហាញទៅរកការថយចុះនៃសកម្មភាពនាវាចូល និងចេញពីកំពង់ផែសមុទ្ររបស់អ៊ុយក្រែន និងការធ្លាក់ចុះនៃការផ្គត់ផ្គង់ស្បៀងអាហារសំខាន់ៗទៅកាន់ទីផ្សារពិភពលោក។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការនាំចេញស្បៀងអាហារតាមសមុទ្រខ្មៅ បានធ្លាក់ចុះពីចំនួនខ្ពស់បំផុត ៤,២ លានតោនកាលពីខែតុលា ឆ្នាំ ២០២២ មកនៅត្រឹម ១,៣ លានតោនក្នុងខែឧសភា ជាបរិមាណទាបបំផុតចាប់តាំងពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដាក់ឲ្យដំណើរការ។ គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ត្រូវបានចុះហត្ថលេខាដាច់ដោយឡែកដោយរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ជាមួយប្រទេសទួរគីនិងអង្គការសហប្រជាជាតិក្នុងខែកក្កដា ឆ្នាំ ២០២២។ គំនិតផ្តួចផ្តើម ដែលចូលជាធរមានរយៈពេល ១២០ ថ្ងៃ ត្រូវបានបន្តនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២២ សម្រាប់រយៈពេល ១២០ ថ្ងៃទៀតរហូតដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣។ នៅពេលនោះ រុស្ស៊ីបានព្រមព្រៀងបន្ថែមពេលកិច្ចព្រមព្រៀងរយៈពេលតែ ៦០ ថ្ងៃប៉ុណ្ណោះ រហូតដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣។ នៅថ្ងៃទី ១៧ខែឧសភា រុស្ស៊ីបានព្រមព្រៀងបន្ថែមពេលកិច្ចព្រមព្រៀងនេះរយៈពេល ៦០ ថ្ងៃទៀត។ ខណៈកិច្ចព្រមព្រៀងស្របគ្នា រុស្ស៊ី និងអង្គការសហប្រជាជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការសម្របសម្រួលការនាំចេញស្បៀងអាហារ និងជីរបស់រុស្ស៊ី។ សេចក្តីថ្លែងការណ៍របស់ប្រមុខអង្គការសហប្រជាជាតិបាននិយាយថា អង្គការសហប្រជាជាតិបានប្តេជ្ញាយ៉ាងមុតមាំក្នុងការគាំទ្រដល់ការអនុវត្តន៍ទាំងគំនិតផ្តួចផ្តើម ទាំងអនុស្សរណៈនៃការយោគយល់ ដើម្បីឱ្យការនាំចេញស្បៀងអាហារ និងជី រួមទាំងសារធាតុអាម៉ូញាក់ពីប្រទេសរុស្ស៊ី និងអ៊ុយក្រែនទៅកាន់ទីផ្សារជុំវិញពិភពលោកដោយសុវត្ថិភាព និងតាមការគិតទុក៕