ភ្នំពេញ៖ ព្រឹទ្ធសភាជាតិបញ្ចប់ការពិនិត្យ ហើយឲ្យយោបល់ទៅលើច្បាប់ចំនួន២ ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្តីព្រាងច្បាប់ស្តីពី វិធានការដើមកំណើតទំនិញ ដោយបានឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។
បន្ទាប់ពីសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាន១២ជំពូក និង១៨២មាត្រា ជួយធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាព នៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ។
ឯកឧត្តមបន្តថា ធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់រៀបចំគ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន បញ្ជីប្រជាជន និងរៀបចំផែនការអភិវឌ្ឍផងដែរ ។ ច្បាប់នេះជាសមិទ្ធផលថ្មីមួយទៀត រៀបចំឡើងមិនត្រឹមតែអាចឆ្លើយតប ក្នុងការដោះស្រាយបញ្ហា បានជួបប្រទះក្នុងពេលអនុវត្តជាក់ស្តែងកន្លងមកប៉ុណ្ណោះទេ គឺធានាបាននូវតម្លាភាពក្នុងការផ្តល់សេវា និងបានរៀបចំបទប្បញ្ញតិ្តមានលក្ខណៈទំនើបកម្ម ស្របតាមការរីកចម្រើននៅក្នុងសង្គម ព្រមទាំងបានរៀបចំដោយព្យាករទុកជាមុនរួចស្រេច ទាក់ទងនឹងការបន្តរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល នាថ្ងៃអនាគត ។
ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា ចំណែកច្បាប់ស្តីពី វិធានដើមកំណើតទំនិញមានចំនួន៩ជំពូក និង៣៥មាត្រា នឹងជួយកំណត់គោលការណ៍នៃវិធានដើមកំណើតទំនិញក្រោម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដើម្បីបំពេញតាមការសន្យារបស់កម្ពុជា ជាមួយអង្គការពាណិជ្ជកម្មពិភពលោក និងដោយអនុលោមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិនានា ។
អ្នកនាំពាក្យព្រឹទ្ធសភា បន្តថា ច្បាប់នេះនឹងជួយជំរុញ និងសម្រួលពាណិជ្ជកម្ម, ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ពិសេសដើមកំណើតទំនិញកម្ពុជា, ជាឧបករណ៍គតិយុត្ត មានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ដែលជាចំណែកមួយដ៏សំខាន់ ក្នុងការកំណត់អំពីគោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញស្ថិតក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ខណៈបច្ចុប្បន្ននេះ កម្ពុជាពុំទាន់មានច្បាប់ចែងដោយឡែក អំពីវិធានដើមកំណើតទំនិញ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធនៅឡើយទេ ក្រៅពីការអនុវត្តផ្នែកនេះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក។
ឯកឧត្តម បានបញ្ជាក់ថា ច្បាប់នេះ នឹងផ្ដល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ ដល់អាជ្ញាធរ មានសមត្ថកិច្ចជាពិសេសក្រសួងពាណិជ្ជកម្ម ដែលទទួលបន្ទុក ចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអនុវត្តការងារទាក់ទងនឹងវិធានដើមកំណើតទំនិញ... ៕ អត្ថបទ បាន សុខរិទ្ធិ





