អាមេរិក៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត តេស្លា លោក Elon Musk បាននិយាយថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi កំពុងជំរុញក្រុមហ៊ុនផលិតរថយន្តឱ្យធ្វើ "ការវិនិយោគដ៏ធំ" នៅក្នុងប្រទេសឥណ្ឌា នេះជាការអត្ថាធិប្បាយមួយដែលបានធ្វើឡើងបន្ទាប់ពីភាគីទាំងពីរបានជួបគ្នាកាលពីថ្ងៃអង្គារ (២០ មិថុនា) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

មេដឹកនាំឥណ្ឌាកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌាបាននិយាយនៅក្នុងបណ្ដាញសង្គម Tweeter ថា "ការពិភាក្សាបានផ្តោតសំខាន់ជុំវិញប្រធានបទការអនុវត្តកំណែទម្រង់សេដ្ឋកិច្ចក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងលើកកម្ពស់ការរំពឹងទុកនៃការវិនិយោគនៅក្នុងប្រទេសឥណ្ឌា" ។

ក្រុមនាយកប្រតិបត្តិរបស់ក្រុមហ៊ុនតេស្លា បានទៅទស្សនកិច្ចនៅប្រទេសឥណ្ឌា ហើយបានពិភាក្សាជាមួយក្រុមការងារផ្នែកការិយាល័យធិបតេយ្យ និងរដ្ឋមន្ត្រីឥណ្ឌាកាលពីខែមុនស្តីពីការបង្កើតមូលដ្ឋានផលិតកម្មសម្រាប់រថយន្ត និងកន្លែងសាកថ្មរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា៕