ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា ក្នុងរយៈកាល ៤៤ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា មានស្នាដៃជាច្រើនអនេកក្នុងបុព្វហេតុជាតិមាតុភូមិ នៅក្នុងគ្រប់ ដំណាក់កាលនៃប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងនោះមានដូចជា បានរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាពលរដ្ឋ ឱ្យរស់ឡើងវិញពីការកាប់សម្លាប់ និងការបំផ្លិចបំផ្លាញរបស់របប ប៉ុល ពត, ទី២.បានផ្តល់នូវសិទ្ធិ និងឱកាសដូចៗគ្នា ក្រោមម្លប់នៃសន្តិភាពពេញលេញ ដែលជាផលផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ រហូតប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើន ដូចបច្ចុប្បន្ន, ទី៣.បានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋក្នុងពេលមានគ្រោះអាសន្ន ជាពិសេសក្នុងអំឡុងពេលនៃការរាត ត្បាតនៃជំងឺកូវីដ-១៩ និងទី៤.ផ្តល់ឱកាសក្នុងការអភិវឌ្ឍ រួមមាន៖ ការសិក្សារៀនសូត្រ, ការផ្តល់សេវាសុខាភិបាល និងគ្រប់ហេដ្ឋារចនាសម្ពន្ធសង្គមចាំបាច់នានាបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមបន្តថា សមិទ្ធផលទាំងអស់នេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺដោយសារគោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាពលរដ្ឋ ហើយតាមរយៈគោលនយោបាយទាំងនេះ គឺពិតជាបានធ្វើឱ្យប្រជាពលរដ្ឋមានសុភមង្គល និងមានជីវភាពធូរធារដោ យសារប្រមុខថ្នាក់ដឹកនាំរបស់គណបក្ស បានគិតគូរគ្រប់ជ្រុងជ្រោយតាមវិធីសាស្ត្រផ្តល់ផលប្រយោជ ន៍រួមដល់គ្រប់ៗគ្នា នោះគឺ«វិធីសាស្ត្រមើលព្រៃទាំងមូល»។
ឯកឧត្ដមបន្ថែមថា គណបក្សប្រជាជនកម្ពុជា មានបុព្វហេតុឥតងាករេចំពោះប្រជាជន ដែលស័ក្តិសមទៅនឹងឈ្មោះរបស់បក្ស គឺកើតមកដោយសារប្រជាជន, ជារបស់ប្រជាជន និងដើម្បីប្រជាជន។ ដូច្នេះ ក្នុងនាមជាយុវជន និងជាកោសិកាបន្តវេន ដែលគណបក្សបានយកចិត្តទុកដាក់រៀបចំថ្នាល ថែទាំ និងកសាងសមត្ថភាពជាប់ជាប្រចាំតាំងពីដើមរៀងមក, យើងមានភារកិច្ច ០៣ សំខាន់គឺ ទី១.បន្តថែរក្សាស មិទ្ធផលវិជ្ជមានរបស់ថ្នាក់ដឹកនាំជំនាន់មុន, ទី២.កសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀតក្នុងពេលបច្ចុ ប្បន្ន និងទី៣.រៀបចំមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អ្នកជំនាន់ក្រោយៗទៀត។ បន្ថែពីនេះ ក្នុងនាមជាសកម្មជនបក្ស និងកម្លាំងទ័ពដ៏មុតស្រួចរបស់ជំរំទេវតា គឺដាច់ខាតត្រូវចូលរួម និងធ្វើសកម្មភាពដើម្បីឱ្យគណបក្សឈ្នះឆ្នោតលើសលុប និងឈ្នះដោយបានបេះដូងរបស់ប្រជាជន ប្រកបដោយភាពត្រឹមត្រូវ សេរី និ ងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយក្នុងនេះ យើងមានកិច្ចការសំខាន់ ៣ គឺ៖ ទី១.ត្រូវរៀបចំត្រៀមខ្លួនសម្រាប់ការបោះឆ្នោត ដោយត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត, មានឯកសារអត្តសញ្ញាណ និងទៅបោះឆ្នោត, ២.បំប៉នស្មារតីសតិអារម្មណ៍ដោយប្រកាន់ខ្ជាប់គោលការណ៍ដឹកនាំរ បស់បក្ស និងយល់ច្បាស់អំពីបុព្វហេតុរបស់បក្ស ហើយផ្សព្វផ្សាយដល់សាច់ញាតិក្រុមគ្រួសារ និងមិត្តភក្តិ និង៣.រៀបចំផែនការសកម្មភាព និងចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ។
ដើម្បីចូលរួមជាមួយគណបក្ស ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវក្តីស្រមៃ និងក្តីសង្ឃឹមសម្រាប់ប្រ ទេសជាតិយើង, សូមក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់-គ្រប់ផ្នែក បន្តចូលរួមអនុវត្តភារកិច្ចចម្បងចំនួន ៣ គឺ៖ ទី១.ការពារបក្ស ការពារសមិទ្ធផលរបស់បក្ស និងការពារសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ, ទី២.វាយបកឆ្លើតបចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្រប់ឧបាយកលរប ស់មជ្ឈដ្ឋានជ្រុលនិយមដែលនៅបន្តញុះញង់ប្រជាពលរដ្ឋ និង ទី៣.វាយលុកតាមរយៈការខិតខំ ធ្វើអំពើល្អបម្រើប្រជាពលរដ្ឋ៕ ដោយ៖ គង់ ឌិន





