ភ្នំពេញ៖ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានសម្ដែងនូវការគាំទ្រចំពោះអនុក្រឹត្រ ស្តីពីការបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលផុតសុពលភាពប្រាស់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ អាចប្រើប្រាស់ ជាឯកសារសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧បាន គឺជួយបង្កលក្ខណៈងាយ ស្រួលច្រើនដល់ពួកគេ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ ។
លើសពីនេះ ពួកគាត់បន្តថា ការបោះឆ្នោតមានសារៈសំខាន់ណាស់ដើម្បីជ្រើសរើសថ្នាក់ដឹកដែលមានសមត្ថភាពដឹកនាំរាជរដ្ឋាភិបាល និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងប្រទេសជាតិ ដូច្នេះនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ នឹងទៅចូលបោះឆ្នោត។ លើសពីនេះ ពួកគាត់បង្ហាញការគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំរាជរដ្ឋាភិបាលផងដែរ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។ ដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណ-ប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។
ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ធ្វើជូនប្រជាពលរដ្ឋក្នុងរយៈពេល ៣០ថ្ងៃ ពោលចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងត្រូវបញ្ជាក់សុពលភាពដោយអាជ្ញាធរឃុំ សង្កាត់ ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងត្រូវបោះឆ្នោត៕ អត្ថបទ៖ទូច សោភ័ណ