អាមេរិក៖ ឯកសារតុលាការបង្ហាញថា សមាជិកឆ្មាំជាតិកងទ័ពអាកាសដែលរងការចោទប្រកាន់ថាធ្វើឲ្យបែកធ្លាយការណ៍សម្ងាត់យោធាសហរដ្ឋអាមេរិក បានឆ្លើយពុំទទួលទោសកាលពីថ្ងៃពុធ ចំពោះការចោទប្រកាន់របស់រដ្ឋាភិបាលសហព័ន្ធចំនួន ៦ករណីពាក់ព័ន្ធនឹងការរក្សាទុក និងបញ្ជូនព័ត៌មានសម្ងាត់វិស័យការពារជាតិដោយចេតនា ។

លោក Jack Douglas Teixeira វ័យ ២១ឆ្នាំ បានឡើងសវនាការនៅតុលាការសហព័ន្ធ នៅទីក្រុង Worcester រដ្ឋ Massachusetts ក្រោយការចាប់ខ្លួនរបស់លោកកាលពីខែមេសា ពាក់ព័ន្ធនឹងការបញ្ចេញឯកសារសហរដ្ឋអាមេរិកលើសង្រ្គាមអ៊ុយក្រែន និងបញ្ហារសើបជាច្រើនផ្សេងទៀត ។
ក្រុមរដ្ឋអាជ្ញា និយាយថា លោក Teixeiraបានធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់ដល់ក្រុមអ្នកលេងហ្គេមតាមកម្មវិធី Discord ។ ការបែកធ្លាយនេះ ត្រូវបានគេចាត់ទុកថាជាការបំពានសន្តិសុខជាតិសហរដ្ឋអាមេរិកដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីឯកសារ វីដេអូ និងទូរលេខការទូត ជាង ៧០ម៉ឺនឯកសារ បានបង្ហាញនៅលើវែបសាយ WikiLeaks កាលពីឆ្នាំ ២០១០ ។
ឯកសារបែកធ្លាយនៅលើកម្មវិធី Discordមានព័ត៌មានសម្ងាត់ជាច្រើនស្តីពីសម្ព័ន្ធមិត្ត និងសត្រូវ ក្នុងនោះមានទាំងរឿងរ៉ាវលម្អិតចាប់ពីការការពារដែនអាកាសអ៊ុយក្រែន រហូតដល់ទីភ្នាក់ចារកម្ម Mossad របស់អ៊ីស្រាអែល ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានបញ្ជាឲ្យបើកការស៊ើបអង្កេតលើមូលហេតុដែលនាំឲ្យអ្នកធ្វើឲ្យបែកធ្លាយអាចចូលដល់ព័ត៌មានរសើបបែបនេះ ។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និយាយថា ការចោទប្រកាន់នីមួយៗលើការរក្សាទុក និងបញ្ជូនព័ត៌មានវិស័យការពារជាតិ នឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ហើយនិងត្រូវពិន័យជាប្រាក់ ២៥ម៉ឺនដុល្លារ ៕