
មន្ត្រីដែលត្រូវបានតែងតាំងដោយរុស្ស៊ីនៅក្នុងតំបន់ចំនួនពីរបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែនទៅលើស្ពាន Chongar តភ្ជាប់ផ្នែកនានាគ្រប់គ្រងដោយរុស្ស៊ីនៅតំបន់ Kherson ជាមួយឧបទ្វីបគ្រីម៉េ បង្ខំឱ្យការធ្វើចរាចរណ៍ត្រូវបង្វែរទៅផ្លូវផ្សេង។
លោក Vladimir Saldo អភិបាលតំបន់ Kherson ដែលត្រូវបានតែងតាំងដោយរុស្ស៊ី បាននិយាយថា ស្ពាននេះត្រូវបានបំផ្លាញ ប៉ុន្តែគ្មានរបាយការណ៍ពីអ្នកស្លាប់ឬរងរបួសនោះទេ។ លោកនិយាយថា មីស៊ីល Storm Shadow ទំនងជាត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារនេះ។
អភិបាលតំបន់គ្រីម៉េ លោក Sergey Aksyonov បាននិយាយថា អ្នកជំនាញកំពុងពិនិត្យមើលទីតាំងនេះ ដើម្បីកំណត់ថាតើនៅពេលណាដែលចរាចរណ៍នៅលើស្ពាននេះអាចបន្តឡើវិញបាន។ ដោយត្រូវបានគេស្គាល់ថាជា «ច្រកទ្វារទៅកាន់តំបន់គ្រីម៉េ» ស្ពាន Chongar គឺជាស្ពានមួយក្នុងចំណោមស្ពានមួយចំនួនតភ្ជាប់តំបន់គ្រីម៉េ ដែលត្រូវបានដាក់បញ្ចូលជាឧបសម្ព័ន្ធដោយរុស្ស៊ីក្នុងឆ្នាំ ២០១៤ ជាមួយតំបន់ដីគោក។
ការដណ្តើមកាន់កាប់តំបន់នេះពីឆ្នេរភាគខាងលិចនៃសមុទ្រ Azov ទៅច្រាំងខាងកើតនៃទន្លេ Dnipro គឺជាជោគជ័យដ៏សំខាន់មួយរបស់ទីក្រុងមូស្គូរហូតមកដល់ពេលនេះនៅក្នុងសង្រ្គាម ព្រោះវាមានន័យថា តំបន់គ្រីម៉េ លែងត្រូវបានកាត់ផ្តាច់ចេញពីដែនដីគ្រប់គ្រងដោយរុស្ស៊ីទៀតហើយ។
ការបំផ្លាញបណ្តាញតភ្ជាប់នេះអាចផ្តល់ឱ្យអ៊ុយក្រែនទាំងផលប្រយោជន៍ក្នុងការដណ្តើមយកឧបទ្វីបនេះមកវិញ និងឥទ្ធិពលនៅក្នុងការចរចាណាមួយនាពេលអនាគត។
