
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) នេះថា មេដឹកនាំពិភពលោក វិស័យឯកជន និងអង្គការអន្តរជាតិនានា ចាំបាច់ត្រូវធ្វើសកម្មភាពភ្លាមៗ ដើម្បីផ្លាស់ប្តូររបៀបដែលប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដំណើរការ បើពុំនោះទេ ប្រឈមនឹងការបាត់បង់ការជឿទុកចិត្តពីប្រជាជន។
លោក Macron បាននិយាយនៅឯកិច្ចប្រជុំកំពូល នៅទីក្រុងប៉ារីស ប្រទេសបារាំងថា៖ «ប្រសិនបើយើងមិនអាចបំពេញតាមគោលដៅនោះទេ ទំនុកចិត្តពីប្រជាជនរបស់យើងនឹងបាត់បង់។ យើងត្រូវតាំងចិត្តយ៉ាងម៉ឺងម៉ាត់ជាសមូហភាព ហើយយើងត្រូវការការរួមដៃបន្ថែមទៀតពីវិស័យឯកជន»។
មេដឹកនាំរដ្ឋាភិបាល និងអន្តរជាតិ បានមកជួបជុំគ្នានៅទីក្រុងប៉ារីស សម្រាប់កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ ក្នុងគោលបំណងកំណត់ផែនទីវិថី ដើម្បីបន្ធូរបន្ថយបន្ទុកបំណុលរបស់ប្រទេស ដែលមានចំណូលទាប ខណៈពេលដែលបញ្ចេញមូលនិធិបន្ថែមទៀត សម្រាប់ហិរញ្ញប្បទានអាកាសធាតុ។
ដោយលោក Macron ទទួលភារៈធ្វើជាម្ចាស់ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ នឹងនាំមេដឹកនាំរាប់សិបនាក់មកជួបជុំគ្នា នៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង ដើម្បីស្វែងរកការស្របមតិគ្នាកម្រិតកំពូល ក្នុងការធ្វើឲ្យរីកចម្រើនទៅមុខនូវគំនិតផ្តួចផ្តើមមួយចំនួន ដែលបច្ចុប្បន្នកំពុងព្យាយាមដោះស្រាយនៅក្នុងស្ថាប័ននានា ដូចជាក្រុមប្រទេស G20, មូលនិធិរូបិយវត្ថុអន្តរជាតិ-ធនាគាពិភពលោក និងអង្គការសហប្រជាជាតិជាដើម៕
ទោះបីជាការសម្រេចជាចំណងផ្លូវច្បាប់ មិនត្រូវបានរំពឹងទុកថាកើតឡើងក៏ដោយ ក៏ក្រុមមន្ត្រីដែលពាក់ព័ន្ធនៅក្នុងផែនការនៃកិច្ចប្រជុំកំពូលនេះ បាននិយាយថា ការប្តេជ្ញាចិត្តដ៏មុតមាំមួយចំនួន គួរតែត្រូវបានធ្វើឡើងស្តីពីការផ្តល់ហិរញ្ញប្បទានដល់ប្រទេសក្រីក្រ៕

