ភ្នំពេញ៖ សង្កាត់នានា នៅរាជធានីភ្នំពេញ បានធ្វើយុទ្ធនាការចុះការផ្សព្វផ្សាយស្ដីពីការហាមលក់ ការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក (vape) ទៅដល់ទីតាំងអាជីវកម្មរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ក្រោយសង្កេតឃើញថា ការចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិ (vape) នៅតែបន្តមាន។
សកម្មភាពចុះផ្សព្វផ្សាយការហាមលក់ ការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក(vape)នេះ ធ្វើឡើងក្នុងគោលបំណងចូលរួមទប់ស្ដាត់ការចែកចាយលក់បារីអេឡិចត្រូនិក និងស្នើសុំកិច្ចសហការជាមួយម្ចាស់អាជីវកម្មនានា កុំឱ្យលក់ ឬផ្ដល់ទីតាំងប្រើប្រាស់បារីអេឡិចត្រូនិក និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចប្រសិនបើដឹងថា មានការចែកចាយលក់ ឬប្រើប្រាស់បារីអេឡិចត្រូនិក នៅទីតាំងណាមួយ។
គិតក្នុងខែមិថុនា ឆ្នាំ២០២៣នេះ មានសង្កាត់៨ហើយ បានចុះផ្សព្វផ្សាយស្ដីពីការហាមលក់ ការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក (vape) រួមមាន៖ សង្កាត់ទួលសង្កែ២, សង្កាត់ទឹកថ្លា, សង្កាត់ផ្សារដេប៉ូទី៣, សង្កាត់ដង្កោ, សង្កាត់ចោមចៅទី១, សង្កាត់បឹងសាឡាង, សង្កាត់ជ្រោយចង្វារ និងសង្កាត់ទួលទំពូងទី១។
គួរបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬវេប នៅតែបន្តកើនឡើងតាមរយៈបណ្តាញព័ត៌មានសង្គមដូចជា Facebook, Tik Tok និង Telegram ជាដើម ដែលការផ្សព្វផ្សាយលក់នេះ មានផ្សារភ្ជាប់ជាមួយបង្ហោះជារូបភាព ឬវីដេអូ ទាក់ទាញឱ្យមានការប្រើប្រាស់ ជាពិសេសក្នុងចំណោមយុវជន និងកុមារ។ គិតត្រឹម៦ខែចុងក្រោយនេះ ការកើនឡើងលក់ ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬវេប កើនឡើង៣ដង បើធៀបនឹងខែធ្នូ ឆ្នាំ២០២២។ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានចុះចាប់ និងធ្វើកិច្ចសន្យាកន្លងមកក៏ដោយ។
គួរបញ្ជាក់ផងដែរថា ផលិតផលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី (HTPs) ត្រូវបានហាមឃាត់ប្រើប្រាស់ ចែកចាយ ធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងតាមសេចក្ដីណែនាំស្ដីពីការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (Sisha) និងបារីអេឡិចត្រូនិក (E-Cigarette) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចុះឆ្នាំ២០១៤ និងឆ្នាំ២០២១៕អត្ថបទ រដ្ឋា








