ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១នេះ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឱ្យកញ្ញា មាន ពេជ្ររីតា នៅក្រៅឃុំបណ្តោះអាសន្ន តាមការស្នើសុំរបស់មេធាវីការពារសិទ្ធិ។
ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានបញ្ជាក់ប្រាប់ BTVឲ្យដឹងថា បន្ទាប់ពីការសាកសួរតាំងពីម្សិលមិញ រហូតមកដល់ព្រឹកថ្ងៃទី ១៣ ឧសភា ឆ្នាំ២០២១នេះ ចៅក្រុមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចអោយ កញ្ញា មាន ពេជ្ររីតា នៅក្រៅឃុំបណ្តោះអាសន្ន ដោយជំនួសមកវិញនូវការដាក់អោយជនជាប់ចោទស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ឯកឧត្តម បានបន្ថែមទៀតថា បន្ទាប់ពីចៅក្រុមស៊ើបសួរ សម្រេចបែបនេះ មិនមែនជាការបញ្ចប់សំណុំរឿងនោះទេ ប៉ុន្តែភាគីពាក់ព័ន្ធនឹង បន្តសិក្សាស្រាវជ្រាវអង្គហេតុបន្តទៀត។
សូមបញ្ជាក់ថា ការសាកសួរកញ្ញា មាន ពេជ្ររីតា បានចាប់ផ្តើមតាំងពីល្ងាចម្សិលមិញ បន្ទាប់ពីមេធាវីសម្តេចតេជោ ចេញមុខស្រាវជ្រាវករណីបឋម ក្រោយពីនាង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារម២ តាំងពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីចាប់ខ្លួនបាន២ថ្ងៃ។ ការឃុំខ្លួន កញ្ញា មាន ពេជ្ររីតា ធ្វើឡើងបន្ទាប់ពីមាន ពាក្យបណ្តឹងឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដោយចោទប្រកាន់លើ កញ្ញា មាន ពេជ្ររីតា ថាបានយកកាំបិតចុងស្រួច ចាក់ទៅលើរូបលោកចំនួន២កំបិត ហើយយកទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone 12 pro max នៅចំណុចផ្លូវកែងលេខ១៣៨ កែងនឹងផ្លូវ២៥៩ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។ ប៉ុន្តែករណីខាងលើនេះ ត្រូវបានកញ្ញា មាន ពេជ្ររីតា សម្រេចដាក់ពាក្យប្តឹងបកវិញ ដោយចោទប្រកាន់ថា ឧកញ៉ារូបនោះបានប៉ុនប៉ងរំលោភលើរូបនាង នៅក្នុងរថយន្ត បន្ទាប់ពីបានខលហៅនាងឱ្យទៅយកអំណោយទុកចែកជូនជនរងគ្រោះដោយសារកូវីដ១៩ និងពិភាក្សាការងារ។ការដាក់ពាក្យប្តឹងបកទៅកាន់ឧកញ៉ា ហេង សៀ នេះ កញ្ញា មាន ពេជ្ររីតា បានប្តឹង និងទាមទារសំណងមួយចំនួនដូច ដូចជា ១៖ ប្តឹងឧកញ៉ា ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់, ២៖ ទាមទារសំណង់ជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារ និង៣៖ ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ៕
អត្ថបទ៖ សូដាវណ្ណ
