
ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា សេវាសន្តិសុខ FSB របស់ប្រទេសរុស្ស៊ី បាននិយាយ នៅថ្ងៃសុក្រ (ទី២៣ ខែមិថុនា) នេះ ថា អង្គភាពនេះបានឃាត់ខ្លួនមនុស្ស ៥នាក់ ដែលព្យាយាមទិញសារធាតុវិទ្យុសកម្មសេស្យូម-១៣៧ (Caesium-137) ទម្ងន់ ១គីឡូក្រាម ក្នុងតម្លៃ ៣,៥លានដុល្លារជំនួសឲ្យពលរដ្ឋអ៊ុយក្រែន។
សេវាសន្តិសុខ FSB ត្រូវបានដកស្រង់សម្តី ដែលនិយាយថា ជនអ្នកទិញនោះចង់នាំយកសារធាតុវិទ្យុសកម្មសេស្យូម-១៣៧ (Caesium-137) ចេញពីប្រទេសរុស្ស៊ី ដើម្បីទៅប្រើប្រាស់ ក្នុងការបង្កើតហេតុការណ៍ ដោយប្រើអាវុធមហាប្រល័យ ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះរបស់រុស្ស៊ី។
ពាក់ព័ន្ធនឹងបញ្ហានេះ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចទទួលបានការបញ្ជាក់ដោយឯករាជ្យនូវការអះអាងនេះទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីប្រទេសអ៊ុយក្រែនដែរ។
សេវាសន្តិសុខ FSB បានឲ្យដឹងកនៅថ្ងៃសុក្រនេះថា មនុស្សដែលត្រូវបានឃុំខ្លួន នៅក្នុងករណីនេះ បានសារភាពរួចហើយ តែអង្គភាពនេះ មិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀត ដូចជាឈ្មោះ ឬប្រវត្តិរបស់ជនទាំងនោះឡើយ៕

