កាណាដា ៖ មន្ត្រីសុវត្ថិភាពប្រទេសកាណាដា កាលពីថ្ងៃសុក្របានបើកការស៊ើបអង្កេតលើការផ្ទុះ
នៅបាតសមុទ្រនៃនាវាមុជទឹកទេសចរណ៍ដែលបានបណ្តាលឲ្យមនុស្សទាំង៥ នាក់នៅក្នុងនាវា
នោះស្លាប់ទាំងអស់ ខណៈពេលកំពុងមុជទឹកទៅកាន់បំណែកនៃនាវាទីតានិកដែលមានអាយុកាលមួយសតវត្សដោយបង្កើតជាសំណួរជាច្រើនអំពីបរិស្ថានដែលមិនអាចគ្រប់គ្រងបាននៃបេសកកម្មបែបនេះ។
កម្ទេចកម្ទី ពីនាវាមុជទឹក Titan ត្រូវបានរកឃើញនៅបាតសមុទ្រអាត្លង់ទិកខាងជើងកាលពីថ្ងៃព្រហស្បតិ៍ដោយយានមុជទឹកយន្ត ដែលត្រូវបានដាក់ពង្រាយពីនាវាស្វែងរករបស់ប្រទេសកាណាដា ដោយបានបញ្ចប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះអន្តរជាតិរយៈពេលប្រាំថ្ងៃដ៏តានតឹង។ លោកឧត្តមនាវីឯក John Mauger បាននិយាយថា បំណែកនៃនាវា Titan ដែលបានបាត់បង់ការទាក់ទងជាមួយនាវាជំនួយលើផ្ទៃទឹករបស់វា ប្រហែលមួយម៉ោង និង ៤៥ នាទីក្នុងការចុះមុជក្នុងទឹកទៅរយៈពេល ២ ម៉ោងកាលពីថ្ងៃអាទិត្យ ដែលបានបែកនៅក្នុងបាតសមុទ្រប្រហែល៤៨៨ ម៉ែត្រ ពីក្បាលនៃនាវាទីតានិក ប្រមាណ៤គីឡូម៉ែត្រនៅក្រោមផ្ទៃទឹក។ មនុស្សទាំងប្រាំនាក់ ដែលបានស្លាប់រួមមានលោក Stockton Rush ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន OceanGate Expeditions មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលធ្វើប្រតិបត្តិការនាវាមុជទឹក និងយកប្រាក់ចំនួន ២៥០.០០០ ដុល្លារក្នុងមនុស្សម្នាក់ ដើម្បីធ្វើដំណើរទៅកាន់នាវាទីតានិច។ អ្នកផ្សេងទៀតគឺជាមហាសេដ្ឋីជនជាតិអង់គ្លេសនិងជាអ្នករុករកគឺលោក Hamish Harding អាយុ ៥៨ ឆ្នាំ និងពាណិជ្ជករដើមកំណើតប៉ាគីស្ថាន លោក Shahzada Dawood អាយុ ៤៨ ឆ្នាំនិងកូនប្រុសអាយុ ១៩ ឆ្នាំរបស់លោក ឈ្មោះ Suleman ទាំងពីអ្នកជាពលរដ្ឋអង់គ្លេស ព្រមទាំងអ្នកស្រាវជ្រាវសមុទ្រជនជាតិបារាំងលោក Paul-Henri Nargeolet មានអាយុ ៧៧ឆ្នាំ។
លោក Nargeolet គឺជាអ្នកជំនាញឈានមុខម្នាក់លើនាវាទីតានិច ជានាវាប្រណិតរបស់អង់គ្លេសដែលបានបុកផ្ទាំងទឹកកក ហើយបានលិចក្នុងការធ្វើដំណើរលើកដំបូងរបស់ខ្លួនក្នុងខែមេសា ឆ្នាំ ១៩១២ បណ្តាលឲ្យមនុស្សជាង ១,៥០០ នាក់នៅលើនាវាស្លាប់។

