អេស្ប៉ាញ ៖ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃសុក្រ (ទី២៣ ខែមិថុនា) បានចោទប្រកាន់ប្រទេសអេស្ប៉ាញ និងម៉ារ៉ុកថា បានបិទបាំងព័ត៌មានក្នុងការដែលមិនបានស៊ើបអង្កេតព្រឹត្តិការណ៍ឲ្យបានត្រឹមត្រូវ នៅព្រំដែននៃតំបន់ទឹកដីដាច់ឆ្ងាយពីមាតុភូមិ Melilla របស់អេស្ប៉ាញ កាលពីឆ្នាំមុន នៅពេលដែលជនអន្តោប្រវេសន៍ និងជនភៀសខ្លួនរាប់សិបនាក់ បានស្លាប់ ពេលពួកគេព្យាយាមឆ្លងដែន ក្នុងទ្រង់ទ្រាយធំ។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនអាហ្វ្រិក នៅអនុតំបន់សាហារ៉ាប្រមាណជា ២.០០០នាក់ បានព្យាយាមឆ្លងចូលទៅក្នុងដែនដីអាហ្វ្រិកខាងជើងរបស់ប្រទេសអេស្ប៉ាញ ដោយចាកចេញពីប្រទេសម៉ារ៉ុក។ អង្គការមិនមែនរដ្ឋាភិបាល (NGO) បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣៧នាក់ បានបាត់បង់ជីវិត និងយ៉ាងហោចណាស់ ៧៦នាក់ នៅកំពុងបាត់ខ្លួន។
ប្រទេសម៉ារ៉ុក បានឲ្យដឹងថា មនុស្ស ២៣នាក់ បានស្លាប់ នៅក្នុងការហេតុការណ៍ណពារលើ ឬជាន់លើគ្នា នៅពេលដែលជនអន្តប្រវេសន៍ទាំងនោះ បានធ្លាក់ពីជញ្ជាំងរបង រីឯប្រទេសអេស្ប៉ាញបាននិយាយថា គ្មានការស្លាប់ណាមួយ កើតមាននៅលើទឹកដីរបស់ខ្លួននោះឡើយ។
អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិ លោក Agnes Callamard បាននិយាយថា៖ «មួយឆ្នាំក្រោយពីការស្លាប់រង្គាលនៅទឹកដី Melilla អាជ្ញាធររបស់ប្រទេសអេស្ប៉ាញ និងម៉ារ៉ុក មិនត្រឹមតែបន្តបដិសេធការទទួលខុសត្រូវណាមួយនោះទេ ប៉ុន្តែថែមទាំងកំពុងរារាំងដល់ការប៉ុនប៉ង ក្នុងការស្វែងរកការពិតទៀតផង»។
យ៉ាងណាក្ដី អគ្គរដ្ឋអាជ្ញារបស់ប្រទេសអេស្ប៉ាញ បានស៊ើបអង្កេតហេតុការណ៍នៅទីក្រុងស្វយ័ត Melilla នេះ ប៉ុន្តែបានបដិសេធមិនចោទប្រកាន់មន្រ្តីអេស្ប៉ាញ ដែលបាននិយាយថា មិនបានដឹងពីគ្រោះថ្នាក់ ដែលបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតនេះ។ សមាជិកសភាអេស្ប៉ាញបានច្រានចោលការអំពាវនាវឲ្យមានការស៊ើបអង្កេតសភា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអេស្ប៉ាញ បាននិយាយថា ការស៊ើបអង្កេតដោយអគ្គរដ្ឋរបស់ប្រទេសអេស្ប៉ាញត្រូវបានធ្វើឡើង«ដោយមានការធានាយ៉ាងពេញលេញ និងស៊ីជម្រៅ»។ ចំណែកអាជ្ញាធរ ក្នុងប្រទេសម៉ារ៉ុក បានបដិសេធសំណើសុំការអត្ថាធិប្បាយ៕

