អាមេរិក ៖· សហជីពតំណាងឲ្យអ្នកដែលធ្វើការឲ្យហាងកាហ្វេ បាននិយាយ កាលពីថ្ងៃសុក្រ (ទី២៣ ខែមិថុនា) ថា បុគ្គលិកជាង ៣.០០០នាក់ នៅហាងកាហ្វេរបស់ក្រុមហ៊ុន Starbucks នឹងធ្វើកូដកម្ម នៅសប្ដាហ៍ក្រោយ បន្ទាប់ពីមានការអះអាងថា ក្រុមហ៊ុនបានហាមឃាត់ការតុបតែងខែមោទនភាពអ្នកស្រឡាញ់ភេទដូចគ្នា (LGBT Pride Month) ដែលតែងរៀបចំក្នុងខែមិថុនា នៅហាងកាហ្វេរបស់ខ្លួន។
សហជីព Starbucks Workers United បានបន្ថែមថា កូដកម្មនេះក៏មានគោលបំណងតវ៉ាប្រឆាំងនឹងការប្រព្រឹត្តមកលើនិយោជិត នៅក្រុមហ៊ុន Starbucks និងជំរុញឲ្យមានកិច្ចសន្យាការងារដោយយុត្តិធម៌ ដែលក្ដោបលើប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗឲ្យកាន់តែប្រសើរឡើង។
បន្ទាប់ពីមានព័ត៌មាននៃការធ្វើកូដកម្មនេះ ភាគហ៊ុនរបស់ក្រុម Starbucks ដែលគ្រប់គ្រងទីតាំងហាងរបស់ម្ចាស់ក្រុមហ៊ុនអាមេរិកប្រហែល ៩.០០០កន្លែង បានធ្លាក់ចុះ ៣ភាគរយ។
ការអំពាវនាវឲ្យមានកូដកម្ម កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីសហជីព បាននិយាយថា ក្រុមហ៊ុន Starbucks បានរើការតុបតែង និងទម្លាក់ទង់តំណាងឲ្យអ្នកស្រលាញ់ភេទដូចគ្នា ក្នុងហាងមួយចំនួន ដែលការធ្វើនោះ បានបង្កទៅជាបញ្ហាមួយ ដែលត្រូវបានយកមកជជែកគ្នាដោយបុគ្គលិកមួយចំនួន នៅលើបណ្ដាញសង្គមផងដែរ។
តែយ៉ាងណាក្ដី ក្រុមហ៊ុន Starbucks កាលពីថ្ងៃសុក្រនោះដែរ បានបដិសេធនូវការអះអាងនេះ ដោយចោទថា ជា «ព័ត៌មានក្លែងក្លាយ»។ ក្រុមហ៊ុនបានប្រាប់កាលពីសប្តាហ៍មុនថា «មិនមានការផ្លាស់ប្តូរចំពោះគោលការណ៍ណាមួយលើបញ្ហានេះទេ» ហើយក្រុមហ៊ុននៅតែលើកទឹកចិត្តដល់អ្នកគ្រប់គ្រងហាងឲ្យរៀបចំអបអរខែមោទនភាពអ្នកស្រឡាញ់ភេទដូចគ្នានេះ ដរាបណាការណែនាំសុវត្ថិភាពរបស់ហាង ត្រូវបានអនុវត្តតាម៕

