កំពង់ចាម៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី រោងចក្រមេតថេក(ខេមបូឌា) ស្ថិតនៅភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក និងលោកស្រីសមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងកម្មករ កម្មការនី ចំនួន ២៣៣៥នាក់ នៅព្រឹកថ្ងសទី២៤ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានកោតសរសើរដល់ក្រុមហ៊ុនមេតថេក ដែលបានខិតខំស្វែងរកទីផ្សារសម្រាប់ផ្គត់ផ្គង់ ដែលបានផ្តល់ឱកាសឱ្យរោងចក្រនេះមានសមត្ថភាពស្រូបយកកម្លាំងពលកម្មបានជាង២ពាន់នាក់ ទោះបីសេដ្ឋកិច្ចយើងទើបចាកចេញពីផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។

ឯកឧត្តម ក៏បានលើកឡើងពីប្រវត្តិនៃការតស៊ូរបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាដែលបានស្រោចស្រង់កម្ពុជារួចផុតពីប្រទេសមានសង្រ្គាមរហូតដល់ទទួលបានសន្តិភាពពេញលេញតាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ។
ឯកឧត្តមបានអំពាវនាវឱ្យប្អូនៗ និងក្មួយៗកម្មករ កម្មការនីទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីទទួលបានឱកាសការងារឥតឈប់ឈរ តកូនតចៅ។
ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា តាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ថ្មីៗនេះរាជរដ្ឋាភិបាល បានប្រកាសជួយគាំទ្រការស្នាក់នៅ និងហូបចុក សម្រាប់ពលករជាង ១,៥លាននាក់ ទៅបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងវិស័យឧស្សាហកម្ម ដើម្បីលើកកម្ពស់គុណភាពកម្លាំងពលកម្ម និងទទួលបានប្រាក់ចំណូលខ្ពស់នៅក្រោយបោះឆ្នោត។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏កំពុងគិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតដូចជាផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិខ្នាតធំ ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានភាពធន់ និងធានាបាននូវចីរភាព។ តាមរយៈសមិទ្ធផល និងគោលនយោបាយដឹកនាំដ៏ច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម បានអំពាវនាវឱ្យកម្មករ កម្មការនីទាំងអស់និងក្រុមគ្រួសារ សូមទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ឱ្យបានគ្រប់ៗគ្នា៕












