
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមធ្វើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ និងងាយរងគ្រោះចំនួន ១.៥ លាននាក់ ចាប់ពីខែ សីហា ឆ្នាំ២០២៣ នេះតទៅ ខណៈនេះគឺជាគោលនយោបាយមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនមកកាន់ប្រទេសកម្ពុជា និងការបង្កើនកម្លាំងពលកម្មជំនាញនៅក្នុងប្រទេស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានមានប្រសាសន៍ ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្ត ស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះថា ការកសាងសន្ដិភាពតាមរយៈគោលនយោបាយឈ្នះ ឈ្នះ គឺរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជាជំហានៗ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់គោលការណ៍ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយក្រសួងពាក់ព័ន្ធរៀបចំផែនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានចំនួនសរុបប្រមាណ ១.៥ លាននាក់ ដោយរាជរដ្ឋាភិបាលរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត។
ដោយឡែកកាលពីថ្ងៃទី២០ ខែមិថុនានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈជាមួយសាលាអន្តរជាតិកម្ពុជា-សិង្ហបុរី ( SCIA) របស់សិង្ហបុរី ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន ក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ ១.៥ លាននាក់នេះផងដែរ។ ការបណ្តុះបណ្តាលនេះ នឹងចាប់ផ្តើមអនុវត្តនៅខែសីហា ឆ្នាំ២០២៣តទៅ៕
អត្ថបទ៖វ៉ន ដារ៉ា