ក្រុមកីឡាជនពិការសតិបញ្ញាខ្សោយរបស់កម្ពុជា បានឈ្នះមេដាយ ២គ្រឿង រួមមានមេដាយប្រាក់១ និងសំរឹទ្ធ១ ក្នុងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិករដូវក្តៅពិភពលោក «Special Olympics World Games Berlin 2023» នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីចុងសប្ដាហ៍កន្លងទៅ ។
សម្រាប់មេដាយប្រាក់ គឺដណ្ដើមបានដោយកីឡាការិនី នុត សុផាន់ណា លើវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្រ ។ រីឯមេដាយសំរឹទ្ធ ដណ្ដើមបានដោយកីឡាករ វិបុល មង្គល និងកីឡាការិនី ហ៊ន ចាន់ថុល ក្នុងការប្រកួតកីឡាប៊ូល វិញ្ញាសាវាយគូចម្រុះ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ ។
គួរដឹងថា ការប្រកួតកីឡាខ្សោយបញ្ញាពិភពលោកនេះ បានរៀបចំការប្រកួតជាង ១សប្ដាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែមិថុនា ដោយមានអត្តពលិកចូលរួមជាង ៧ពាន់នាក់ មកពីជាង ១៩០ប្រទេស ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីខ្សោយបញ្ញាកម្ពុជា ៤រូបផងដែរ ដែលដឹកនាំដោយឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉ស្យាល់អូឡាំពិកកម្ពុជា៕ អត្ថបទ៖ លី ឈុនឡា






