ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល អញ្ជើញបើកបាឋកថាស្តីពី «ឧស្សាហកម្មសម័យអង្គររបស់អាណាចក្រខ្មែរ» វាគ្មិនកិត្តិយស៖ សាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា, នាព្រឹកថ្ងៃទី២៧ ខែមិថុនានេះ។
ក្នុងពិធីបើកបាឋកថាស្តីពី «ឧស្សាហកម្មសម័យអង្គររបស់អាណាចក្រខ្មែរ» ជូនដល់ថ្នាក់ដឹកនាំ គ្រូឧទ្ទេស មន្ត្រីរាជការ សិស្សមន្ត្រី និងកម្មសិក្សាការី ឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល សរុបទាំងអស់ ៨២០អង្គ/នាក់ ដែលកំពុងចូលរួមដោយផ្ទាល់នៅក្នុងសហសាលនេះ និងពីចម្ងាយតាមប្រព័ន្ធ Microsoft Teams របស់សាលាភូមិន្ទរដ្ឋបាល, ឯកឧត្តម ព្រុំ សុខា បានថ្លែងថា ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល បាឋកថា ត្រូវបានចាត់ទុកជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាព សិស្សមន្ត្រី និងកម្មសិក្សាការី។ តាមរយៈវេទិកានេះ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល មន្ត្រីជំនាញ និងសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យល្បីទាំងក្នុង និងប្រទេស អាចផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តន៍ លើការដឹកនាំ និងការគ្រប់គ្រងសាធារណៈ ការលើកកម្ពស់គុណធម៌ជាមន្ត្រី ភាពជាគំរូក្នុងការដឹកនាំ និងការបំពេញការងារ ការងារកែទម្រង់ និងការអនុវត្តគោលនយោបាយទាំងឡាយរបស់ក្រសួង-ស្ថាប័ន តាមវិស័យរបស់រាជរដ្ឋាភិបាលរួមទាំងគោលនយោបាយការបរទេសផងដែរ។ ផ្អែកលើផែនការការងារឆ្នាំ២០២៣ សាលាភូមិន្ទរដ្ឋបាល បានកំណត់គោលដៅរៀបចំបាឋកថា យ៉ាងតិចចំនួន១០។ ដោយឡែក បាឋកថាលើកទី៥ ប្រចាំឆ្នាំ២០២៣ ស្តីពី «ឧស្សាហកម្មសម័យអង្គរក្នុងអាណាចក្រខ្មែរ» ក្នុងវេលានេះ មានលក្ខណៈពិសេសខុសប្លែកពីប្រធានបទរបស់បាឋកថាលើកមុនៗ ដោយប្រធានបទលើកនេះ គឺជាសមិទ្ធផល នៃការអនុវត្តគម្រោងសិក្សាស្រាវជ្រាវ ក្រោមការដឹកនាំផ្ទាល់របស់វាគ្មិនកិត្តិយសសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន ដែលបានរុករកឃើញទីតាំងផលិតដែកសម័យអង្គរ ដ៏ធំនៅក្នុងតំបន់ខេត្តព្រះវិហារ រហូតដល់អាចបង្កើតបានជាឧទ្យានរាជបណ្ឌិត្យសភាតេជោឬស្សីត្រឹប។ ស្នាដៃស្រាវជ្រាវ ក៏ដូចជាសមទ្ធិផល រួមចំណែកដល់ការសិក្សាស្វែងយល់អំពីតួនាទីឧស្សាហកម្មដែកបុរាណ ក្នុងការកសាងអាណាចក្រខ្មែរ ដែលបានបន្សល់នូវភស្តុតាងអរិយធម៌ខ្មែរ ប្រាសាទខ្មែរ នៅរាប់រយទីតាំងនៅប្រទេសលាវ ប្រទេសថៃ និងវៀតណាម សព្វថ្ងៃ។
ឯកឧត្តម រដ្ឋមន្រី្ត បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៣ សាលាភូមិន្ទរដ្ឋបាល បាននិងកំពុងផ្តល់ការបណ្តុះបណ្តាលដំបូងដល់សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២ មានចំនួនសរុប ៩៣នាក់ (នារី៣២នាក់) សម្រាប់រយៈពេល២ឆ្នាំ ដែលបែងចែកជាបីជំនាញ គឺជំនាញរដ្ឋបាលទូទៅ មានចំនួន៣៥នាក់ (នារី៩នាក់), ជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានចំនួន៣៤នាក់ (នារី១២នាក់) និងជំនាញទំនាក់ទំនងអន្តរជាតិ មានចំនួន២៤នាក់ (នារី១១នាក់)។ សាលាក៏បានបណ្តុះបណ្តាលដំបូងដល់សិស្សមន្ត្រីក្រមការ ជំនាន់ទី១០ មានចំនួនសរុប១២១នាក់ (នារី៣៨នាក់) សម្រាប់ រយៈពេល ១២ខែ។ ទន្ទឹមនេះ សាលាភូមិន្ទរដ្ឋបាល ក៏បាននិងកំពុងផ្តល់ការបណ្តុះបណ្តាលបន្តរយៈពេល ៩ខែ ដល់ កម្មសិក្សាការីនៃវគ្គវិក្រឹតការ ក្នុងឆ្នាំ២០២៣ ចំនួន៦០៨អង្គនាក់ (នារីចំនួន១៣១ និងព្រះសង្ឃ៣០អង្គ) ដែលនិមន្ត និងអញ្ជើញមកពីបណ្តាក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយត្រូវបានបែងចែកជាបួនវគ្គ ទៅតាមកម្រិតមុខតំណែង និងប្រភេទក្របខណ្ឌ រួមមាន៖ វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់១៩២នាក់ ក្នុងនោះនារី២៦នាក់ និងព្រះសង្ឃ២២អង្គ, វគ្គវិក្រឹតការមន្ត្រីមធ្យម ៣១៦នាក់ ក្នុងនោះនារី៧២នាក់, វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាល ៨០នាក់ ក្នុងនោះនារី២៦នាក់ និងព្រះសង្ឃ ០៨អង្គ និងវគ្គវិក្រឹតការមន្ត្រីក្រមការ ២០នាក់ ក្នុងនោះនារី៧នាក់៕ អត្ថបទ៖ រដ្ឋា
















