សៀរ៉ាឡេអូន៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ប្រទេសសៀរ៉ាឡេអូន បានឲ្យដឹង កាលពីថ្ងៃចន្ទ (ទី២៦ ខែមិថុនា) ថា លោកប្រធានាធិបតី Julius Maada Bio កំពុងនាំមុខលើគូប្រជែង សម្រាប់ការរាប់សន្លឹកឆ្នោតពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសអាហ្រ្វិកខាងលិចមួយនេះ។

លោក Bio វ័យ ៥៩ឆ្នាំ កំពុងឈរឈ្មោះប្រជែងតំណែងអ្នកដឹកនាំកំពូលរបស់ប្រទេសជាលើកទីពីរ ប្រឆាំងនឹងគូបដិបក្ខចំនួន ១២រូប ដោយក្នុងនោះគូប្រជែងដ៏លេចធ្លោបំផុតរបស់លោក គឺបេក្ខជនក្នុងគណបក្សសភាប្រជាជនទាំងអស់ (APC) លោក Samura Kamara ដែលបានចាញ់លោក Bio ក្នុងការបោះឆ្នោតលើកចុងក្រោយ ក្នុងឆ្នាំ២០១៨។
លទ្ធផលសន្លឹកឆ្នោតបណ្ដោះអាសន្ន បានបង្ហាញថា មកទល់ពេលនេះ លោក Bio បានទទួលសំឡេងឆ្នោតជាង ១លានសំឡេង ធៀបនឹងលោក Kamara ដែលមានសំឡេងតិចជាង ៨០០.០០០សំឡេង។ គណៈកម្មការ បាននិយាយនៅរសៀលថ្ងៃចន្ទថា លទ្ធផលដែលបានផ្ទៀងផ្ទាត់ចុងក្រោយ នឹងត្រូវប្រកាសក្នុងរយៈពេល ៤៨ម៉ោងបន្ទាប់។

ការបោះឆ្នោតនេះ មានសភាពតានតឹងខ្លាំង ខណៈគណបក្សសភាប្រជាជនទាំងអស់ (APC) បាននិយាយថា តំណាងបោះឆ្នោតរបស់ពួកគេត្រូវបានវាយប្រហារ និងបំភិតបំភ័យ នៅក្នុងស្រុកចំនួន៣ នៅថ្ងៃបោះឆ្នោត។ ចំណែកខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃអាទិត្យ បានគូសបញ្ជាក់ពីករណីជាច្រើន ដែលមន្ត្រីត្រូវបានគេវាយដំ ឬក៏ត្រូវបានបំភិតបំភ័យ។
សម្រាប់ប្រជាជនសៀរ៉ាឡេអូន ពួកគេបារម្ភខា្លចថា អាចនឹងមានភាពចលាចលកើតឡើង នៅពេលដែលលទ្ធផលត្រូវបានប្រកាស ជាពិសេសប្រសិនបើគ្មានបេក្ខជនណាម្នាក់ ក្នុងចំណោមបេក្ខជនទាំង ១៣រូប ទទួលបានសំឡេង ៥៥ភាគរយនៃការបោះឆ្នោតនេះ ជាស្ថានភាពដែលនឹងបង្កមានការប្រជែងគ្នាបន្ថែមទៀត រវាងបេក្ខជនឈានមុខគេទាំងពីរ។ ជាមួយគ្នានេះ អ្នកសង្កេតការណ៍អន្តរជាតិ បានសម្តែងកង្វល់អំពីកង្វះតម្លាភាព ក្នុងការរាប់សន្លឹកឆ្នោត។

តែយ៉ាងណាក្ដី លោកប្រធានាធិបតី Bio ថ្លែងទៅកាន់ប្រជាជាតិរបស់លោក បន្ទាប់ពីការផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ននេះ កាលពីល្ងាចថ្ងៃចន្ទ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបរក្សាសន្តិភាព។ លោកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «យើងម្នាក់ៗមានចំណែកក្នុងការរក្សាសន្តិភាព ទាំងក្នុងអំឡុងពេល និងទាំងបន្ទាប់ពីការប្រកាសលទ្ធផលនៃការបោះឆ្នោតទាំងនេះ»៕