ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន តាមរយៈសារបន្ទាន់ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ចេញបទបញ្ជាឱ្យសម្តេចពិជ័យសេនាទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិ និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស ព្រមទាំងកម្លាំងប្រដាប់អាវុធ ឈរជើងនៅខេត្តមណ្ឌលគិរី, រតនគិរី ,ក្រចេះ ឱ្យរាំងខ្ទប់សកម្មភាពជ្រៀតចូលរបស់ក្រុមប្រដាប់អាវុធ វាយប្រហារបែបភេរវកម្មនៅក្នុងប្រទេសវៀតណាម កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ដែលមានបំណងជ្រកកោណនៅទឹកដីកម្ពុជា។
សម្តេចបញ្ជាក់ថា ក្រុមបាក់ទ័ពទាំងនេះ បានរាយប៉ាយក្នុងភូមិសាស្ត្រព្រំដែនវៀតណាម ជាប់នឹងព្រំដែនប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តរតនគិរី ។
សម្តេចតេជោបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ មានដ្រូនជាច្រើនគ្រឿងបានហោះ និងធ្លាក់ចូលទឹកដីកម្ពុជា ដែលតាមការបញ្ជាក់ពីភាគីវៀតណាម មិនមែនជាដ្រូនវៀតណាមឡើយ ដូច្នេះដ្រូនទាំងនោះជាដ្រូនរបស់ក្រុមវាយប្រហារវៀតណាម។ ទន្ទឹងនឹងនោះមានមួយចំនួននៃកងទ័ពភេរវកម្មទាំងនោះ កំពុងបាក់ទ័ពរត់ចូលទឹកដីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាបន្ទាន់ឱ្យកងអង្គរក្សប្រើអាវុធទំនើបសម្រាប់បាញ់យន្តហោះ ទៅកាន់គោលដៅ ដែលមានដ្រូនរបស់ក្រុមបាក់ទ័ពវាយប្រហារនៅវៀតណាមហោះចូលទឹកដីកម្ពុជា។
សម្តេចតេជោ បានបញ្ជាឱ្យកងទ័ពនៅបញ្ជាការដ្ឋានអង្គរក្ស៥០០នាក់ និងកាំភ្លើងបាញ់យន្តហោះ២០០ដើមចេញជាបន្ទាន់ ដើម្បីពង្រាយគ្រប់ច្រកល្ហកសម្រាប់បាញ់ទម្លាក់ដ្រូនទាំងនោះ៕
