ហ្គាតេម៉ាឡា៖ ប្រជាជនហ្គាតេម៉ាឡាមានការធុញទ្រាន់នឹងរឿងអាស្រូវពុករលួយជាបន្តបន្ទាប់កាលពីថ្ងៃអាទិត្យ (២៥ មិថុនា) ដែលបានធ្វើឱ្យបេក្ខជនប្រឆាំងអំពើពុករលួយដែលមិនធ្លាប់មានពីមុនមកក្នុងការបោះឆ្នោតជុំទី២សម្រាប់តំណែងប្រធានាធិបតី ដោយបង្កើនក្តីសង្ឃឹមនៃការជំរុញជាថ្មីដើម្បីកែប្រែរដ្ឋាភិបាលបន្ទាប់ពីមានការខកចិត្តពីប្រជាជនជាច្រើនឆ្នាំ។

លោក Bernardo Arevalo អតីតមន្ត្រីការទូត និងជាកូនប្រុសរបស់អតីតប្រធានាធិបតីលោក Juan Jose Arevalo ( វ៉ាន់ ហូសេ អារ៉េវ៉ាឡូ) មិនខ្វល់នឹងការព្យាករណ៍ការស្ទង់មតិដើម្បីបញ្ចប់ជាបេក្ខជនលំដាប់ទី២សម្រាប់ការបោះឆ្នោតជុំទីមួយក្នុងការបោះឆ្នោតប្រធានាធិបតីប្រទេសហ្គាតេម៉ាឡា ដោយបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ដោយផ្តោតសំខាន់លើការខកចិត្តរបស់អ្នកបោះឆ្នោតជាមួយនឹងស្ថានភាពបច្ចុប្បន្ន សន្លឹកឆ្នោតជិតមួយភាគបួននៃសន្លឹកឆ្នោតសរុបដែលបានរាប់រួច ត្រូវបានខូច ឬមិនបានគូសអ្វីសោះ។ អ្នកជំនួញឈ្មោះ Carlos Pineda ដែលជាអ្នកនាំមុខមុនគេក្នុងការស្ទង់មតិបោះឆ្នោត បានជំរុញឱ្យអ្នកគាំទ្រគូសចោលសន្លឹកឆ្នោតរបស់ពួកគេ បន្ទាប់ពីលោកត្រូវបានរារាំងមិនឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។
ចំនួនសន្លឹកឆ្នោតដែលបានខូច និងអ្នកបោះឆ្នោតដែលមិនសប្បាយចិត្តនឹងប្រព័ន្ធរដ្ឋាភិបាលនេះ អាចផ្តល់អត្ថប្រយោជន៍ដល់លោក Arevalo ក្នុងជុំទីពីរនៃការបោះឆ្នោតនៅថ្ងៃទី ២០ ខែសីហា នេះបើយោងតាមអ្នកវិភាគនយោបាយនៅប្រទេសហ្គាតេម៉ាឡា។

លោក Arevalo ដែលបានហៅអំពើពុករលួយថាជា "មហារីកស៊ីសាច់" នៅប្រទេសហ្គាតេម៉ាឡានឹងត្រូវប្រឈមមុខនឹងអតីតស្រ្តីទីមួយលោកស្រី Sandra Torres ក្នុងការបោះឆ្នោតនេះ។
លោកស្រី Torres ដែលកំពុងឈរឈ្មោះជាបេក្ខជនក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីលើកទីបីរបស់ខ្លួន ដោយលោកស្រីបានឈ្នះ ១៥,៨% នៃការបោះឆ្នោតជុំទីមួយទល់នឹង ១១,៨%របស់លោក Arevalo ។
ការប្រកួតប្រជែងនេះ អាចធ្វើឲ្យមានការចាប់អារម្មណ៍លើការកែប្រែនយោបាយហ្គាតេម៉ាឡា៕