ចិន៖ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងត្រីមាសទី ២ នឹងកើនឡើងខ្ពស់ជាងត្រីមាសទី ១ ហើយត្រូវបានគេព្យាករណ៍ថានឹងឈានដល់គោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រហែល ៥% នេះបើយោងតាមលោកនាយករដ្ឋមន្រ្តីចិនលោក Li Qiang ដែលបានប្រាប់បណ្ដាគណៈប្រតិភូនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ធានជីង នៅថ្ងៃអង្គារ (២៧ មិថុនា)នេះ។

ដោយសារទិន្នផលរោងចក្រធ្លាក់ចុះ ស្របពេលដែលតម្រូវការខាងក្រៅ និងក្នុងស្រុកចុះខ្សោយ លោក Li បាននិយាយថា ប្រទេសចិននឹងដាក់ចេញនូវគោលនយោបាយដ៏មានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីពង្រីកតម្រូវការក្នុងស្រុក និងបើកចំហទីផ្សារ ព្រមទាំងបន្តជំរុញជាកម្លាំងចលករដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចពិភពលោក។
ធនាគារធំៗជាច្រើនបានកាត់បន្ថយការព្យាករណ៍កំណើនផលិតផលសរុបក្នុងស្រុក (GDP) នៅឆ្នាំ ២០២៣ បន្ទាប់ពីទិន្នផលឧស្សាហកម្មកាលពីខែឧសភា និងទិន្នន័យនៃការលក់រាយមិនដូចទៅនឹងការព្យាករណ៍ទុក ហើយបានបង្ហាញថាទីក្រុងប៉េកាំងនឹងត្រូវចាត់វិធានការបន្ថែមទៀតដើម្បីបង្កើនការងើបឡើងវិញក្រោយភាពរង្គោះរង្គើសេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ១៩។

លោកនាយករដ្ឋមន្ត្រីចិនបាននិយាយថា និន្នាការនៃសកលភាវូបនីយកម្មនៅតែរក្សាដដែល បើទោះបីជាមានការលំបាកខ្លះក៏ដោយ ដោយបានរំលឹកឡើងវិញនូវប្រធានបទសំខាន់មួយចាប់តាំងពីឡើងកាន់តំណែងរបស់លោកថា ប្រទេសចិននៅតែបើកចំហសម្រាប់ធុរកិច្ច និងស្វាគមន៍វិនិយោគិនបរទេស៕