
ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ក្នុងការត្រៀមកម្លាំងរៀបចំរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ ក្នុងកំឡុងពេល នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណារាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅរយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី០១ កក្កដា ដល់ថ្ងៃទី២១ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ស្នងការដ្ឋានបានត្រៀមកម្លាំងសរុបប្រមាណ ៤០០០នាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាព និងសម្រួលដល់ចរាចរណ៍ នៃការដង្ហែក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយទាំងអស់ ដើម្បីអោយដំណើរការ នៃការឃោសនា ប្រព្រឹត្តិទៅបានដោយរលូន ក្នុងកំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោះជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ ។
ដោយឡែកសម្រាប់ពលរដ្ឋដែលជាក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានបង្ហាញទឹកចិត្តក្នុងការចូលរួមដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាមួយគណបក្សប្រជាជនផងដែរ ។ ក្រុមអ្នកគាំទ្រ បានប្រកាន់គោលជំហរថា ពួកគាត់នឹងប្រកាន់ភ្ជាប់ជានិច្ចជាមួយឥរិយាបទ និងសីលធម៌ត្រឹមត្រូវ កំឡុងពេលចូលរួមក្នុងសកម្មភាពឃោសនា ។
គួររំលឹកថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប ) កាលពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុង ច.ប.ត.រ គោរពតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព ៕ អត្ថបទ ៖ លីហេង