
ប្រជាជនកូរ៉េខាងត្បូង នៅថ្ងៃពុធ (ទី២៨ ខែមិថុនា) នេះ មានអារម្មណ៍រីករាយ ដែលនឹងមានអាយុក្មេងជាងវ័យ ១ឆ្នាំ ឬ ២ឆ្នាំ ខណៈដែលច្បាប់ថ្មីដែលតម្រូវឲ្យប្រើតែវិធីសាស្រ្តអន្តរជាតិ នៃការរាប់អាយុចូលជាធរមាន ដោយជំនួសវិធីសាស្ត្របែបប្រពៃណីរបស់ប្រទេស។
ប្រទេសកូរ៉េខាងត្បូង តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៦០ បានប្រើបទដ្ឋានអន្តរជាតិនៃការគណនាពីសូន្យ នៅពេលកើត និងបន្ថែម១ឆ្នាំទៀត នៅរៀងរាល់ថ្ងៃកំណើត សម្រាប់ឯកសារវេជ្ជសាស្ត្រ និងច្បាប់។
ប៉ុន្តែប្រជាជនកូរ៉េខាងត្បូងជាច្រើន បានបន្តប្រើវិធីរាប់បែបប្រពៃណី សម្រាប់កិច្ចការអ្វីៗផ្សេងទៀត។ កាលពីខែធ្នូឆ្នាំមុន ប្រទេសកូរ៉េខាងត្បូង បានអនុម័តច្បាប់លុបបំបាត់វិធីសាស្រ្តរាប់អាយុតាមបែបប្រពៃណី ដើម្បីទទួលយកយ៉ាងពេញលេញនូវការរាប់ស្តង់ដារអន្តរជាតិ។
លោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្មរបស់រដ្ឋាភិបាល បានប្រាប់សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ (ទី២៦ ខែមិថុនា) ថា៖ «យើងរំពឹងថា ជម្លោះផ្លូវច្បាប់ ពាក្យបណ្តឹង និងការភ័ន្តច្រឡំក្នុងសង្គម ដែលត្រូវបានបង្កឡើងលើរបៀបគណនាអាយុ នឹងត្រូវបានកាត់បន្ថយយ៉ាងច្រើន»។
យោងតាមការស្ទង់មតិរបស់រដ្ឋាភិបាល ដែលធ្វើឡើងក្នុងខែកញ្ញា ឆ្នាំ២០២២ ប្រជាជនកូរ៉េខាងត្បូង ៨៦ភាគរយ បាននិយាយថា ពួកគេនឹងប្រើប្រាស់អាយុគិតតាមរបៀបអន្តរជាតិ ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ នៅពេលដែលច្បាប់ថ្មីចូលជាធរមាន។
ប្រព័ន្ធអាយុមួយទៀត មានសម្រាប់ការចុះឈ្មោះចូលបម្រើកងទ័ព ការចូលសាលា និងការគណនាអាយុស្របច្បាប់ក្នុងការទទួលទានគ្រឿងស្រវឹង និងជក់បារី ពោល គឺអាយុរបស់មនុស្សត្រូវបានគណនាពីសូន្យនៅពេលកើត ហើយត្រូវបានបន្ថែម១ឆ្នាំទៀត នៅថ្ងៃទី១ ខែមករា។ មន្ត្រីបាននិយាយថា វិធីសាស្ត្រនេះនឹងនៅតែមាន រហូតដល់មានការតាក់តែងថ្មី៕
