ចំនួនអ្នកស្លាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ិ ទៅលើភោជនីយដ្ឋានមួយកន្លែង នៅប្រទេសអ៊ុយក្រែនភាគខាងកើត បានកើនឡើងដល់៩នាក់នៅថ្ងៃពុធនេះ ខណៈទីក្រុងគីវ បាននិយាយសម្រាលពីការប៉ះពាល់នៃការប៉ះបោរយៈពេលខ្លី ធ្វើឡើងដោយក្រុមទាហានស៊ីឈ្នួល Wagnerពាក់ព័ន្ធនឹងជម្លោះ។
ការផ្ទុះនៅភោជនីយដ្ឋាន Ria Pizza បានបណ្តាលឲ្យកុមារ៣នាក់ស្លាប់ផងដែរ និងបណ្តាលឲ្យមនុស្ស ៥៦នាក់រងរបួសនៅភោជនីយដ្ឋាននោះ ដែលពេញនិយមដោយទាំងទាហាន និងអ្នកសារព័ត៌មាន នៅក្នុងទីក្រុង Kramatorsk ជាទីក្រុងមួយក្នុងចំណោមទីក្រុងធំបំផុត ដែលនៅតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែននៅភាគខាងកើត។
ប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះបោដែលមិនទទួលជោគជ័យរបស់ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលលោក Yevgeny Prigozhin ត្រូវបានគេមើលឃើញថាជាការគំរាមធំបំផុតចំពោះអាជ្ញាធរវិមានក្រឹមឡាំងក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ ដែលទីក្រុងគីវនិយាយថា ឥទ្ធិពលនៃការប៉ះបោចំពោះការប្រយុទ្ធគ្នាមានតិចតួចបំផុត។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kulebaបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN នៅក្នុងវីដេអូ ដែលបានចេញផ្សាយនៅថ្ងៃពុធនេះថា ដោយឱកាសមិនល្អ លោក Prigozhin បានបោះបង់ចោលការបះបោរភ្លាមៗ។ ដូច្នេះពុំមានពេលវេលាសម្រាប់លទ្ធផលការធ្វើឲ្យចុះខ្សោយនេះ ដើម្បីចូលទៅកាន់លេណដ្ឋានរបស់រុស្ស៊ីនោះទេ។
ខណៈប្រទេសបេឡារុស ស្វាគមន៍ លោក Prigozin ក្នុងការនិរទេសកាលពីថ្ងៃអង្គារ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឈានទៅរកការគាំទ្រអាជ្ញាធររបស់លោកដោយអរគុណកងទ័ពសម្រាប់ការបញ្ចៀសសង្គ្រាមស៊ីវិលនេះ។