អ៊ុយក្រែន៖ ការពិនិត្យឡើងវិញរបស់សារព័ត៌មាន Reuters នៃកម្មវិធីសម្គាល់មុខ កំណត់ហេតុតុលាការ និងប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា កងកម្លាំងរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល វ៉េកណា គ្រុប (Wagner Group) ដែលបានចូលកាន់កាប់ទីក្រុង រ៉ូស្តូវ អនដុន (Rostov-on-Don) របស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ក្នុងការប៉ុនប៉ងបះបោរពុំបានសម្រេច រួមទាំងយ៉ាងហោចណាស់អ្នកទោសព្រហ្មទណ្ឌ៣ ប្រភេទ ។

ភាគច្រើននៃក្រុមអ្នកប្រយុទ្ធ ដែលបានចូលរួមបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត ចំពោះការដឹកនាំរបស់លោកប្រធានាធិបតី Vladimir Putin រហូតមកដល់បច្ចុប្បន្ន បានបិទមុខរបស់ពួកគេ ដូច្នេះហើយមិនអាចកំណត់អត្តសញ្ញាណបានទេ។
ប៉ុន្តែសេចក្ដីរាយការណ៍របស់សារព័ត៌មាន Reuters បង្ហាញថា ពួកគេមួយចំនួន ធ្លាប់បានជាប់ពន្ធនាគារ ដោយគូសបញ្ជាក់ពីការសម្រេចចិត្តរបស់វិមានក្រឹមឡាំង ក្នុងការអនុញ្ញាតឲ្យប្រធានក្រុមហ៊ុនស៊ីឈ្នួលលោក ព្រីហ្គូស៊ីន ជ្រើសរើសទាហានស៊ីឈ្នួលរាប់ពាន់នាក់ពីក្រុមអ្នកទោស ទូទាំងប្រទេសកាលពីឆ្នាំមុនដែលបានវិលត្រឡប់មកលងបន្លាចរុស្ស៊ីជាថ្មី។
លោក យេវហ្គីនី ព្រីហ្គូស៊ីន (Yevgeny Prigozhin) មេដឹកនាំរបស់កងកម្លាំងទាហានស៊ីឈ្នួល បានបញ្ជាឲ្យកងកម្លាំងរបស់លោក ហែក្បួនទៅកាន់ក្រុងមូស្គូ មុនពេលពួកគេត្រឡប់ក្រោយ ក្នុងការព្យាយាមពុំបានសម្រេចដើម្បីទម្លាក់គូប្រជែងជាយូររបស់លោកគឺ រដ្ឋមន្រ្តីការពារជាតិ លោក ហ្សឺហ្គេ សយគូ(Sergei Shoigu)។

សារព័ត៌មាន Reuters ធ្លាប់បានរាយការណ៍ថា ក្រុមអ្នកប្រយុទ្ធជាអ្នកទោសភាគច្រើនដែលបានរួចផុតពី ការស្លាប់ នៅតែស្មោះស្ម័គ្រនឹងលោក ព្រីហ្គូស៊ីន ដែលបានផ្ដល់ឱកាសរស់ឲ្យពួកគេជាលើកទី២ ។ អ្នកទាំងឡាយ ដែលបានរួចជីវិតពីសេចក្ដីស្លាប់ ក្នុងសង្គ្រាមអ៊ុយក្រែនរយៈពេល៦ ខែ នឹងត្រូវបានលើកលែងទោសដោយលោក Putin ដោយក្រឹត្យសម្ងាត់៕