
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់កម្មករកម្មការិនីឱ្យទៅរកសេវា សុខាភិបាលមិនគិតថ្លៃ នៅឯមន្ទីរពេទ្យតេជោសន្តិភាព និងបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ឱ្យចូលរួមប្រើប្រាស់សេវាមន្ទីរពេទ្យនេះផងដែរ ដែលកំពុងត្រូវបានសាងសង់ជិតរួចរាល់ និងបើកដំណើរការជាបណ្ដើរៗដែរហើយ ។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានថ្លែងប្រាប់ទៅសាធារណជនថា ការកសាងបន្ថែមនូវមន្ទីរពេទ្យខ្នាតធំមួយនេះឡើង ក្រោយទទួលបានបទពិសោធន៍ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យមានការខ្វះខាតមន្ទីរ ពេទ្យក្នុងការទទួលព្យាបាលអ្នកឆ្លងជំងឺនោះ កាលពីពេលនោះ ។
សម្តេចតេជោ បានបញ្ជាក់ថា ម្យ៉ាងទៀត ការកសាងមន្ទីរពេទ្យដ៏ធំមួយនេះឡើង ដើម្បីពង្រីកសេវា សុខាភិបាលឱ្យកាន់តែទូលំទូលាយ ដែលនេះគឺជាការយកចិត្តទុកដាក់គិតគូរទៅដល់សុខុមាលភាពរបស់ ប្រជាជន។
មន្ទីរពេទ្យជាតិតេជោសន្ដិភាព ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់គោករកា ខណ្ឌព្រែក ព្នៅ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយមន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់ស្ថាពរ និងដាក់ឲ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣ ៕អត្ថបទ៖ មុត សុទ្ធ