មូស្លីម ៖ ពិធីបុណ្យ Eid al-Adha ជាពិធីបុណ្យបូជា បានចាប់ផ្តើមកាលពីល្ងាចថ្ងៃអង្គារ សម្រាប់ពលរដ្ឋមូស្លីមប្រមាណ ២ ពាន់លាននាក់នៅទូទាំងពិភពលោក ជាការប្រារព្ធពិធីបុណ្យប្រចាំឆ្នាំដ៏សំខាន់បំផុតនៅក្នុងសាសនាអ៊ីស្លាម។ ពិធីបុណ្យនេះ ប្រព្រឹត្តទៅនៅថ្ងៃចុងក្រោយនៃពិធីបុណ្យហាជី(Hajj) ជាពិធីដើរធម្មយាត្រាទៅកាន់ទីក្រុង Mecca ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺជាឱកាសដ៏រីករាយត្រូវបានប្រារព្ធឡើងដោយប្រជាជនមូស្លីមនៅជុំវិញពិភពលោក ដើម្បីរំលឹកដល់ការសាកល្បងជំនឿរបស់លោក Ibrahim ។
អំឡុងពិធីបុណ្យរយៈពេលបីថ្ងៃ ប្រជាជនមូស្លីមនៅជុំវិញពិភពលោកនឹងសម្លាប់សត្វ ដូចជា សត្វពពែ ចៀម គោ ឬសត្វអូដ្ឋ ទុកចំណែកមួយភាគបីសម្រាប់ខ្លួនគេ ហើយផ្តល់មួយភាគបីដល់មិត្តភ័ក្តិ និងសាច់ញាតិ និងមួយភាគបីទៀតផ្តល់ឲ្យសម្រាប់សប្បុរសធម៌។
ពិធីបុណ្យនេះរំលឹកដល់ការត្រៀមខ្លួនរបស់លោក Ibrahim ជាព្រះសង្ឃរាជសំខាន់នៅក្នុងជំនឿសាសនាគ្រឹស្ត និងជនជាតិជ្វីហ្វ ដើម្បីបូជាកូនប្រុសរបស់លោកបង្ហាញពីការគោរពចំពោះព្រះអាឡា។ នៅឆ្នាំនេះ ប្រជាជនមូស្លីមជាង ១,៨ លាននាក់ បានចូលរួមក្នុងធម្មយាត្រាបុណ្យហាជី(hajj) ទៅកាន់ទីក្រុងពិសិដ្ឋ Mecca ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈជាការជួបជុំសាសនាដ៏ធំបំផុតមួយរបស់ពិភពលោកបានវិលត្រឡប់មករកសមត្ថភាពពេញលេញវិញ បន្ទាប់ពីវិធានការរឹតត្បិតជាច្រើនឆ្នាំមកដោយសារវីរុសឆ្លង។

