អ៊ុយក្រែន៖ អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence ដែលកំពុងឈរឈ្មោះសម្រាប់ការតែតាំងរបស់គណបក្សសាធារណៈរដ្ឋ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើល ទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ។

លោក Pence បានសន្យាបន្តផ្តល់ឲ្យអ៊ុយក្រែននូវការគាំទ្រដែលពួកគេត្រូវការសម្រាប់អំឡុងពេលជម្លោះនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ CNN បានឲ្យដឹងថា លោក Pence បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងនិងភូមិចំនួន៣ នៅជិតទីក្រុងគីវ មានទីក្រុង Bucha, Irpin និងភូមិ Moschun ដើម្បីពិនិត្យមើលការបំផ្លាញពីការបាញ់ផ្លោងរបស់រុស្ស៊ី ចាប់តាំងពីការវាយលុកកាលពីខែកុម្ភ:ឆ្នាំមុន។
លោក Pence គឺជាបេក្ខជនប្រធានាធិបតីគណបក្សសាធារណៈរដ្ឋដំបូងគេ ដែលមកជួបលោក Zelenskiy អំឡុងយុទ្ធនាការ។
លោក Pence គឺជាអ្នករិះគន់ឥតសំចៃចំពោះប្រធានាធិនបតីរុស្ស៊ី លោក Vladimir Putin និងជាអ្នកគាំទ្រពេញទំហឹងចំពោះអ៊ុយក្រែន ខណៈលោកប្រឈមជាមួយអតីតមេដឹកនាំរបស់លោក អតីតប្រធានាធិបតី Donald Trump សម្រាប់ការតែងតាំងរបស់គណបក្សសាធារណៈរដ្ឋ៕
