ឥស្លាម ៖ ប្រទេសកាន់សាសនាឥស្លាម បានប្រតិកម្មយ៉ាងខ្លាំងចំពោះការដុតគម្ពីរគូរ៉ាន ដោយបុរសម្នាក់នៅក្នុងការជួបជុំមួយក្នុងរដ្ឋធានី ស្តុកខូម(Stockholm) ប្រទេសស៊ុយអែតកាលពីថ្ងៃពុធ។ នៅរដ្ឋធានី Baghdad ប្រទេសអ៊ីរ៉ាក់ ក្រុមអ្នកតវ៉ាបានសម្រុកចូលស្ថានទូតស៊ុយអែត កាលពីថ្ងៃព្រហស្បតិ៍។ រដ្ឋាភិបាលប្រទេសម៉ារ៉ុក បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសស៊ុយអែតត្រឡប់មកវិញ។ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា អ្នកទាំងឡាយណាដែលប្រព្រឹត្តបទឧក្រិដ្ឋនេះ ដែលអនុញ្ញាតឱ្យទង្វើនេះស្ថិតនៅក្រោមសេរីភាពនៃការគិតក្លែងក្លាយ នឹងមិនសម្រេចបានគោលដៅរបស់ពួកគេឡើយ។

ប្រទេសស៊ុយអែតបានដាក់ពាក្យស្នើសុំចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ប៉ុន្តែប្រទេសទួរគីដែលជាសមាជិក នៅពុំទាន់អនុម័តឲ្យចូលជាសមាជិករបស់ក្រុង Stockholm នៅឡើយ។ ទីក្រុងអង់ការ៉ាអះអាងថា ស៊ុយអែតគាំទ្រក្រុមសកម្មប្រយុទ្ធឃឺដ ដែលមានបំណងផ្តាច់ខ្លួនពីប្រទេសទួរគី។ ប្រទេសទាំងពីរមានផែនការជួបពិភាក្សាគ្នានៅសប្តាហ៍ក្រោយ។ ប៉ុន្តែប្រទេសគី មិនបន្ទន់ជំហររបស់ខ្លួននោះទេបន្ទាប់ពីមានឧបទ្ទវហេតុនេះកើតឡើង។ សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថាសភាប្រទេសហុងគ្រីបានសម្រេច ពន្យារពេលការបោះឆ្នោតលើការផ្តល់សច្ចាប័នលើសមាជិកភាពសម្ព័ន្ធយោធាណាតូរបស់ប្រទេសស៊ុយអែត រហូតដល់សប្តាហ៍ក្រោយ ឬសប្តាហ៍ក្រោយៗទៀត។ ប្រទេសហុងគ្រីក៏ជាសមាជិកសម្ព័ន្ធណាតូផងដែរ។
ស៊ុយអែត ចង់ចូលរួមជាមួយសម្ព័ន្ធភាពយោធានេះ មុនពេលកិច្ចប្រជុំកំពូលបន្ទាប់របស់ខ្លួន ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១១ ខែកក្កដា។ ប៉ុន្តែការវិវឌ្ឍន៍ចុងក្រោយបំផុតនេះ បានធ្វើឱ្យស្ថានភាពកាន់តែលំបាកសម្រាប់ប្រទេសនៅអារ៉ុបខាងជើងមួយនេះ។
