ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្ស ៥នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈមនុស្ស ៣៥៨នាក់បន្ថែមទៀត ត្រូវបានរកឃើញឆ្លងមេរោគផ្លូវដង្ហើមមួយនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាល បញ្ជាក់ថា ករណីឆ្លងថ្មី ៣៥០នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយ ៨នាក់ទៀត គឺជាករណីនាំចូល។
ក្រសួងសុខាភិបាលក៏បានឱ្យដឹងផងដែរថា មនុស្ស ៥នាក់ទៀត បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩នេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ ១៤៧នាក់ហើយនៅក្នុងរយៈពេល ៦៣ថ្ងៃចុងក្រោយមកនេះ។
បើតាមក្រសួងសុខាភិបាល តួលេខអ្នកឆ្លងសរុបនៅពេលនេះ បានកើនឡើងដល់ ២១ ៤៩៩នាក់ ខណៈអ្នកជាសះស្បើយបានកើនដល់ ៩ ៨៦៧នាក់ ក្នុងនោះ មានទាំងអ្នកជាសះស្បើយថ្មី ៣៤៨នាក់ ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕
