ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមិថុនានេះ បន្តរៀបចំពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៃក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយមានអ្នកចូលរួម៣,៦០០នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនិងស្នាដៃការងារនានារបស់ក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានរួមចំណែកជាមួយគណបក្ស ចាប់តាំងពីពេលបង្កើតនៅឆ្នាំ២០១១ រហូតមកទល់ពេលនេះ ។ លើសពីនេះ ឯកឧត្តម ហ៊ុន ម៉ានីបានបន្តថា ការចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនបានន័យថា ដើម្បីតែចូលរួមកម្មវិធីបក្ស ឬហែរគណបក្សនោះទេ តែការចូលរួមនេះ គឺដើម្បីស្វែងរកដំណោះស្រាយនូវរាល់បញ្ហាប្រឈមដែលយើងបានជួបប្រទះជាមួយគ្នាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ នេះជាតួនាទីនៃការចេះជួយគ្នាទៅវិញទៅមក និងជាតួនាទីរបស់គណបក្សក្នុងការគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋមិនថា សេវាសាធារណៈ សេវាសុខភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។
ឯកឧត្តម នួន ផារ័ត្ន អគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានមានប្រសាសន៍ដែរថា ពិធីសំណេះសំណាលនេះ គឺជាសក្ខីភាពសបញ្ជាក់ថា គណបក្សបានទទួលស្គាល់បងប្អូនបម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថាជាកម្លាំងមួយផ្នែកដ៏សំខាន់ ក្នុងការពង្រឹង និងពង្រីករបៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងជាកម្លាំងចលករជួយជំរុញសេដ្ឋកិច្ចក្នុងស្រុកដ៏សំខាន់នៅគ្រប់ដំណាក់កាលទាំងអស់៕
គួរបញ្ជាក់ដែរថា ពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា នៃក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា រៀបចំធ្វើឡើងស្របតាមស្មារតីរបស់មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨-២៩ មករា ឆ្នាំ២០២៣ ដោយសម្តេចតេជោមានប្រសាសន័ថា ថ្នាក់ដឹកនាំ សមាជិក-សមាជិកាបក្សទាំងអស់ ត្រូវយកចិត្តទុ ក ដា ក់ ផ្សារភ្ជាប់ គិតគូរ ជួយដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជួយលើកកម្ពស់ជីវភាពពួកគាត់ ជាពិសេស បុគ្គលក្នុងវិស័យសេវាកម្សាន្ត ដោយត្រូវរៀបចំផ្តល់បណ្ណសមធម៌ជូនពួកគាត់ ដើម្បីទទួលបានសេវាថែទាំជំងឺដោយឥតគិតថ្លៃ ៕ អត្តបទ៖ទូច សោភ័ណ