
ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃសុក្រ (៣០ មិថុនា)នេះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ព្រមទាំងជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការលក់អាវុធឱ្យតៃវ៉ាន់ផងដែរ។
មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ មិថុនា)ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់គ្រាប់រំសេវ និងការគាំទ្រផ្នែកដឹកជញ្ជូនដល់កោះតៃវ៉ាន់ក្នុងកិច្ចព្រមព្រៀងពីរដាច់ដោយឡែកពីគ្នាដែលមានតម្លៃរហូតដល់ ៤៤០ លានដុល្លារ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រ អាជ្ញាធរការពារជាតិរបស់តៃវ៉ាន់បាននិយាយថា ការលក់នេះនឹងជំរុញភាពធន់របស់កោះនេះប្រឆាំងនឹង "ការពង្រីកនៃការគំរាមកំហែងផ្នែកយោធា និងយុទ្ធសាស្ត្រតំបន់ប្រផេះ" របស់ចិន ដែលខ្លួនបាននិយាយថាបានបង្ក "ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ" ដល់កោះតៃវ៉ាន់។
អាជ្ញាធរការពារជាតិតៃវ៉ាន់បាននិយាយថា ប្រទេសចិនបានបន្តប្រើយុទ្ធសាស្ត្រ "តំបន់ប្រផេះ" ដើម្បីសាកល្បងការឆ្លើយតបរបស់ខ្លួន រួមទាំងការបញ្ជូនយានដ្រូន បាឡុងចារកម្ម និងទូកនេសាទទៅកាន់តំបន់ក្បែរកោះតៃវ៉ាន់ទៀតផង៕
