កេនយ៉ា៖ នគរបាល និងសាក្សី បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៤៨ នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Londiani ប្រទេសកេនយ៉ាភាគខាងលិច កាលពីល្ងាចថ្ងៃសុក្រ នៅពេលរថយន្តដឹកទូទំនិញមួយគ្រឿង បានបើកវេរចេញពីផ្លូវ ហើយបានបុករថយន្តជាច្រើនគ្រឿង។
រូបភាពនៃឧបទ្ទវហេតុ ដែលបានថតដោយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បង្ហាញពីបំណែករថយន្ត និងម៉ូតូ ដែលរងការខូចខាត រួមជាមួយទាំងរថយន្តក្រុងធុនតូច និងរថយន្តដឹកទំនិញ។ អធិការនគរបាលប្រចាំតំបន់ លោក Tom Odera បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤៨ នាក់កាលពីល្ងាចថ្ងៃសុក្រ។

លោក Peter Otieno អ្នកបើកបររថយន្តបាននិយាយថា «ខ្ញុំបានឃើញរថយន្តសណ្ដោងមួយគ្រឿងបើកក្នុងល្បឿនលឿន។ ខ្ញុំវេរចង្កូត ហើយគេចទៅបុករថយន្តនៅខាងមុខ។ អ្នកដែលធ្វើដំណើរពីក្រោយខ្ញុំ គិតថាខ្ញុំចង់ទិញអ្វីមួយ។ លោក Otieno បាននិយាយថា «ខ្ញុំបានឃើញសាកសពប្រហែល ២០នាក់ ដោយផ្ទាល់ភ្នែករបស់ខ្ញុំ។ មានសាកសពផ្សេងទៀតស្ថិតនៅក្រោមរថយន្ត។ កាកបាទក្រហមប្រទេស កេនយ៉ា បាននិយាយថា រថយន្តដឹកទំនិញបានបុករថយន្ត៦គ្រឿង ហើយបានកិនលើអ្នកថ្មើរជើង។ កាកបាទក្រហម និយាយថា អ្នកស្លាប់និងរបួសជាង២០ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ ចំនួនអ្នកស្លាប់ បានធ្វើឱ្យឧបទ្ទវហេតុនេះក្លាយជាឧបទ្ទវហេតុដែលមនុស្សស្លាប់ច្រើនបំផុតនៅលើដងផ្លូវរបស់ប្រទេសកេនយ៉ា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីឆ្នាំមុន មនុស្ស ៣៤ នាក់បានស្លាប់នៅប្រទេសកេនយ៉ាភាគកណ្តាល។