ភ្នំពេញ៖ ឯកឧត្តម ឱម យ៉ិនទៀង អនុប្រធាន ក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតបានរំលឹកដល់សមាជិក-សមាជិកាបក្សនៅខណ្ឌទួលគោកទាំងអស់គប្បីប្រកាន់ខ្ជាប់នៅក្រមសីលធម៌ និងសុជីវធម៌ ពេលធ្វើយុទ្ធនាការបោះឆ្នោតដែលបានកំពុងប្រព្រឹត្តនាពេលនេះ។
ជាមួយនឹងការរំលឹកដល់សមាជិក-សមាជិកាគណបក្សឲ្យប្រកាន់ខ្ជាប់ ចំពោះក្រមសីលធម៌ និង ស្របទៅតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)នោះ ឯកឧត្តម ឱម យ៉ិនទៀង ក៏បានរំលឹកបន្ថែមទៀតអំពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដោយឯកឧត្តម បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស គឺនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់ ហើយមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានគោលនយោបាយច្បាស់លាស់ និងស័ក្តិសមបំផុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើន តាំងពីដើមរហូតមកដល់សព្វថ្ងៃនេះ។
ឯកឧត្តមប្រធានក្រុមការងារក៏ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមាជិក-សមាជិកាគណបក្សទាំងអស់នៅក្នុងខណ្ឌទូលគោកនេះ សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរដើម្បីឲ្យក្លាយទៅជាពលរដ្ឋល្អ ហើយគប្បីបោះឆ្នោតដើម្បីការពារសន្តិភាព ដោយធ្វើការគូសត្រូវគិតឲ្យត្រូវ គាំទ្រឲ្យត្រូវ ចំពោះលេខរៀងទី១៨ ខណៈគូសត្រូវលេខរៀងទី១៨ គឺដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យទាំងអស់ផងដែរ។
សូមបញ្ជាក់ថា ក្រោយធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ឯកឧត្តម ឱម យ៉ិនទៀង ក៏បានរៀបចំកម្មវិធីសប្បាយដល់សមាជិក-សមាជិកាទាំងអស់នៅខណ្ឌទួលគោកនេះផងដែរ ៕






