ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានសម្រេចក្នុងការនាំចូលខ្សែបម្រើមួយរូបទៀតហើយ គឺកីឡាករហុងគ្រី Dominik Szoboszlai ពីក្លិបអាល្លឺម៉ង់ RB Leipzig ក្នុងតម្លៃ ៧០ លានផោនជាមួយនឹងកិច្ចសន្យា ៥ ឆ្នាំ។
កីឡាករវ័យ ២២ ឆ្នាំរូបនេះបានក្លាយជាកីឡាករទីពីរដែលមកកាន់ Liverpool ក្នុងរដូវក្តៅនេះបន្ទាប់ពីខ្សែបម្រើជយលាភី World Cup, Alexis Mac Allister ផ្ទេរពី Brighton ក្នុងតម្លៃ ៣៥ លានផោន។
Dominik Szoboszlai មុនមកដល់ Liverpool នេះគេបានជួយ Leipzig ឈ្នះបាន German Cup ២ រដូវកាលជាប់គ្នា ខណៈរដូវកាលមុនបង្ហាញខ្លួនបាន ៣១ ប្រកួតនៅ Bundesliga ស៊ុតបញ្ចូលទីបាន ៦ គ្រាប់ និង ៨ បាល់បញ្ជូន។
Szoboszlai បានផ្លាស់ពីក្លិបរួមថៅកែ Red Bull Salzburg កាលពីខែមករាឆ្នាំ ២០២១ មកកាន់ Reb Bull Leipzig បង្ហាញខ្លួននៅទឹកដីអូទ្រីសបាន ៩១ លើកស៊ុតបញ្ចូលទីបាន ២០ គ្រាប់ និង ២១ បាល់បញ្ជូន។
ក្រុមរបស់លោក Jurgen Klopp កំពុងព្យាយាមនាំចូលខ្សែបម្រើដើម្បីបំពេញចន្លោះខ្វះខាត បន្ទាប់ពីការចាកចេញរបស់ James Milner, Naby Keita និង Alex Oxlade-Chamberlain៕ អត្ថបទ៖នាង សុភាវុធ
