
ក្រុមកុបករ ដែលបានសម្រុកចូលទាំងកម្រោលទៅក្នុងផ្ទះរបស់អភិបាលក្រុង នៅជាយក្រុងប៉ារីស ប្រទេសបារាំង បានដុតរថយន្ត និងបាញ់កាំជ្រួចភ្ញីដាក់ប្រពន្ធ និងកូនតូចៗរបស់លោក ខណៈដែលពួកគេបានភៀសខ្លួន អំឡុងយប់ទី៥ នៃភាពចលាចលទូទាំងប្រទេស ជុំវិញការបាញ់ប្រហាររបស់នគរបាល កាលពីថ្ងៃអង្គារលើក្មេងជំទង់ម្នាក់ ដែលមានដើមកំណើតអាហ្វ្រិកខាងជើង។
លោក Vincent Jeanbrun( វ៉ាំងសង់ ហ្សង់ប្រាំង) វ័យ ៣៩ឆ្នាំ ដែលជាអភិបាលក្រុងស្តាំនិយមកណ្ដាល នៅភាគខាងត្បូងជាយក្រុង L'Hay-les-Roses(ឡៃឡេ រ៉ូស) បានស្ថិតនៅឯសាលាក្រុង នៅពេលដែលផ្ទះរបស់លោក ត្រូវបានវាយប្រហារ ដោយមានប្រពន្ធរបស់លោកឈ្មោះអ្នកស្រី Melanie និងកូនៗ នៅខាងក្នុងផ្ទះនោះ។
រដ្ឋអាជ្ញាសាធារណៈប្រចាំតំបន់ បានឲ្យដឹងថា អ្នកលុកលុយទាំងនោះ បានបើករថយន្តរបស់ខ្លួនសំដៅចូលផ្ទះជាយក្រុងនោះ ប៉ុន្តែទៅមុខមិនរួចដោយសារជញ្ជាំងទាប ដែលព័ទ្ធជុំវិញខាងក្រៅផ្ទះនោះ ហើយបន្ទាប់មកពួកគេ បានដុតរថយន្តរបស់ខ្លួន។
នៅពេលដែលភរិយា និងកូនរបស់លោក Jeanbrun អាយុចន្លោះ ៥ឆ្នាំ និង ៧ឆ្នាំ បានរត់ទៅទីធ្លាខាងក្រោយផ្ទះ ពួកគេត្រូវបានក្រុមកុបករបាញ់កាំជ្រួចភ្ញីដាក់។ លោក Jeanbrun បានប្រាប់នាយករដ្ឋមន្រ្តីលោកស្រី Elisabeth Borne ថា ភរិយារបស់លោក បានទទួលការវះកាត់ជើងដែលបាក់ ហើយប្រឈមនឹងការស្តារនីតិសម្បទាឡើងវិញរយៈពេល ៣ខែ។
លោកអភិបាលក្រុង បាននិយាយថា៖ «ខណៈពេលដែលព្យាយាមការពារកូនៗ និងរត់គេចពីពួកអ្នកវាយប្រហារទាំងនោះ ភរិយា និងកូនរបស់ខ្ញុំម្នាក់ បានរងរបួស»។
រដ្ឋអាជ្ញាក្នុងតំបន់ បានប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរបានបើកការស៊ើបអង្កេតលើការប៉ុនប៉ងឃាតកម្ម តែពេលនេះ មិនទាន់មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួននៅឡើយទេ៕