
នូវ៉ែលហ្សេឡង់បានក្លាយជាប្រទេសដំបូងគេរបស់ពិភពលោកដែលពង្រីកការហាមឃាត់របស់ខ្លួនលើថង់ផ្លាស្ទិកនៅក្នុងផ្សារទំនើបរហូតថង់ផ្លាស្ទិកស្តើង ដែលជាធម្មតាត្រូវបានគេប្រើសម្រាប់ដាក់ផ្លែឈើ ឬបន្លែ។ ចំណាត់ការដែលបានចូលជាធរមានកាលពីថ្ងៃសៅរ៍នេះ គឺជាផ្នែកនៃយុទ្ធនាការរបស់រដ្ឋាភិបាលកាន់តែទូលំទូលាយដើម្បីប្រឆាំងនឹងការប្រើប្រាស់ផ្លាស្ទិកតែមួយលើក។
អ្នកដើរទិញឥវ៉ាន់ភាគច្រើននាំយកថង់ផ្ទាល់ខ្លួនពេលទៅទិញទំនិញនៅហាង បន្ទាប់ពីការយកថង់ផ្លាស្ទិកទៅផ្ទះ ត្រូវបានហាមឃាត់កាលពីឆ្នាំ២០១៩។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសជាច្រើនបានដាក់ពិន័យ ឬហាមប្រាមប្រើថង់ប្លាស្ទិក។ វិធានការថ្មីនេះត្រូវបានគេរំពឹងថានឹងទប់ស្កាត់ការប្រើប្រាស់ថង់ផ្លាស្ទិកស្ទិកចំនួន ១៥០លានថង់ក្នុងមួយឆ្នាំ។
ក្រុមអ្នករិះគន់បានលើកឡើងពីកង្វល់ថា អ្នកទិញឥវ៉ាន់អាចគ្រាន់តែដាក់គ្រឿងទេសនៅក្នុងថង់ក្រដាសដែលអាចចោលបាន ដែលនៅតែមាននៅក្នុងផ្សារទំនើប។ សម្ព័ន្ធខ្សែសង្វាក់ផ្សារទំនើប Countdown ដែលប្រតិបត្តិការជាង ១៨៥ហាងនៅទូទាំងប្រទេស បានចាប់ផ្តើមលក់ថង់សំណាញ់ក្រណាត់ ដែលអាចប្រើប្រាស់ឡើងវិញបាន។
រដ្ឋាភិបាលនូវ៉ែលហ្សេឡង់បានធ្វើឱ្យមានការរីកចម្រើនលើគំនិតផ្តួចផ្តើមផ្សេងទៀតដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ កសិឧស្សាហកម្មរបស់ប្រទេសនូវ៉ែលហ្សេឡង់ រួមចំណែកប្រហែលពាក់កណ្តាលនៃការបំភាយឧស្ម័នពុលរបស់ប្រទេសនេះ។
