ភ្នំពេញ៖កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត និងជំរុញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារធ្វើដំណើរទៅកាន់បរទេស ហើយក៏សូមស្នើដល់ដៃគូនានាជួយផ្សព្វផ្សាយពីវឌ្ឍនភាព ពីលក្ខខណ្ឌការងារសមរម្យនៅកម្ពុជា ដើម្បីរួមចំណែកជំរុញកំណើននៃការបញ្ជាទិញ និងការនាំចេញ។
ការប្ដេជ្ញានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក វីល្លៀម ខន់គ្លីន (William Conklin) នាយកកម្មវិធីប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួង។
គួរជម្រាបថា មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ មានបេសកកម្មផ្ដោតសំខាន់ទៅលើការរស់នៅសមរម្យរបស់កម្មករនិយោជិត អនុវត្តសិទ្ធិការងារជាមូលដ្ឋាន និងសម្រឹតសម្រាំងលក្ខខណ្ឌការងារ និងគោលនយោបាយសាធារណៈដែលមានឥទ្ធិពលទៅលើនិយោជិត។ មជ្ឈមណ្ឌលនេះ ជាអង្គការឯករាជ្យមួយមិនចំណុះរដ្ឋាភិបាលសហរដ្ឋអាម៉េរិកនោះឡើយ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានលើកឡើងពីវឌ្ឍនភាពវិស័យការងារ ការលើកកម្ពស់សុខភាពនិងសុវត្ថិភាពកម្មករនិយោជិត និងការជំរុញការនាំចេញផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារបរទេស ពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុប។ ភាគីទាំងពីរបានកត់សម្គាល់ថា កម្ពុជា ជាប្រទេសមួយដែលផ្ដល់សច្ចាប័នច្រើនជាងគេសម្រាប់អនុសញ្ញារបស់អង្គការ ILO ហើយមានតែកម្ពុជាទេ ដែលមាននាយករដ្ឋមន្ត្រីចុះជួបជាមួយកម្មករ/កម្មការិនីផ្ទាល់ និងបានដោះស្រាយបញ្ហាយ៉ាងច្រើនជូនពួកគាត់។
ដោយមើលឃើញពីវឌ្ឍនភាពបែបនេះហើយ ទើបលោក វីល្លៀម ខន់គ្លីន មានបំណងស្នើសុំបន្តអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយហេតុថា អនុស្សរណៈដែលកំពុងសហការអនុវត្តបច្ចុប្បន្ននេះនឹងត្រូវផុតសុពលភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះហើយ។
សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌល ACILS បានចុះអនុស្សរណៈយោគយល់គ្នាចំនួន២លើកមកហើយ ដោយលើកទី១ ចុះហត្ថលេខានៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ដែលមានសុពលភាពរហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ (សុពលភាព៣ឆ្នាំ) និងលើកទី២ ចុះហត្ថលេខានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ដែលមានសុពលភាពរហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ (សុពលភាព២ឆ្នាំ)។ អនុស្សរណៈលើកទី២នេះ ត្រូវបានបងើ្កតឡើងក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងក្រសួងការងារ និងមជ្ឈមណ្ឌល ACILS ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ ទៅតាមតម្រូវការជាក់ស្តែងរបស់ក្រសួង៕ ដោយ ៖┬ បូរ៉ាវី



