យោធារបស់កោះតៃវ៉ាន់ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត សម្រាប់រយៈពេល២ថ្ងៃជាប់ៗគ្នា ពីឆ្នេរភាគខាងត្បូង ដែលជាទីតាំងជាយុទ្ធសាស្ត្រ នៅថ្ងៃអង្គារទី៤ ខែក្កដានេះ ខណៈប្រទេសចិន បង្កើនសម្ពាធយោធាលើកោះប្រជាធិបតេយ្យមួយនេះ។ ក្រុមអ្នកហ្វឹកហាត់បាញ់កាំភ្លើងធំ បានបាញ់មីស៊ីលគងស្មា Stinger និងបានធ្វើប្រតិបត្តិការប្រព័ន្ធមីស៊ីលការពារដែនអាកាស Avenger នៅតំបន់សមយុទ្ធតំបន់ឆ្នេរ Pingtung នៅចុងកោះភាគខាងត្បូង។
អ្នកនាំពាក្យក្រសួងការពារជាតិកោះតៃវ៉ាន់ លោក Sun Li-fang បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីសមយុទ្ធបាញ់គ្រាប់ពិតថា យន្តហោះចិន ចំនួន៨គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ នៅព្រឹកថ្ងៃអង្គារនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយប៉ុន្មានម៉ោងបន្ទាប់ពីការអត្ថាធិប្បាយរបស់លោកSun ក្រសួងការពារជាតិ បាននិយាយថាយន្តហោះចិនសរុប២៤គ្រឿង រួមមានយន្តហោះប្រយុទ្ធ និងយន្តហោះទម្លាក់គ្រាប់បែក ត្រូវបានប្រទះឃើញនៅជិតកោះតៃវ៉ាន់នៅព្រឹកថ្ងៃអង្គារនេះដោយបានចាប់ផ្តើមនៅម៉ោងប្រហែល៨ព្រឹក ម៉ោងក្នុងតំបន់ ហើយនាវាចម្បាំងចិនចំនួន៤គ្រឿង ក៏បានចូលរួមការល្បាតត្រៀមប្រយុទ្ធរួមផងដែរ។
កោះតៃវ៉ាន់ ដែលប្រទេសចិន អះអាងសិទ្ធិថាជាដែនដីរបស់ខ្លួន ទោះបីជាមានការជំទាស់ខ្លាំងពីកោះនេះក៏ដោយ បានប្រឈមមុខក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះស្ទើរតែគ្រប់បេសកកម្មប្រចាំថ្ងៃដោយយន្តហោះយោធាចិន ដែលជាញឹកញាប់នៅផ្នែកនិរតីនៃតំបន់កំណត់ការការពារដែនអាកាសរបស់កោះនេះ។