
មន្រ្តីបោះឆ្នោតកំពូលមួយរូបរបស់រុស្ស៊ី និយាយកាលពីថ្ងៃចន្ទថា បើសិនជាស្ថានភាពកាន់តែអាក្រក់ទៅនៅតំបន់កាន់កាប់ទាំង ៤របស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ការបោះឆ្នោតថ្នាក់មូលដ្ឋានដែលត្រូវបានកំណត់ធ្វើឡើងនៅទីនោះ នាខែកញ្ញាខាងមុខ នឹងត្រូវលុបចោល ។
រុស្ស៊ី គ្រប់គ្រងតំបន់តែ១ភាគ៥ប៉ុណ្ណោះនៅអ៊ុយក្រែន រួមទាំងឧបទ្វីបគ្រីមៀ ដែលពួកគេបានដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាម ២០១៤ និង ៤តំបន់ផ្សេងទៀត ដែលទាហានរុស្ស៊ី ដណ្តើមបានគ្រប់គ្រង ចាប់តាំងពីជម្លោះយោធាបច្ចុប្បន្នបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា តំបន់ទាំងនោះ រួមមានតំបន់ Donetsk, Luhansk, Zaporizhzhia និងតំបន់ Kherson បច្ចុប្បន្នគឺជាផ្នែកមួយរបស់រុស្ស៊ី ក្រោយពេលដែលទីក្រុងម៉ូស្គូ បានដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនដោយឯកតោភាគីកាលពីឆ្នាំមុន ។
អ៊ុយក្រែន និយាយថា ការប្រកាសដាក់ចូលជាឧបសម្ព័ន្ធរបស់រុស្ស៊ី គឺជារឿងខុសច្បាប់ និងពួកគេចាត់ទុកជាមោឃៈ ហើយពួកគេនឹងមិនឈប់ជាដាច់ខាត រហូតដល់រាល់ទាហានរុស្ស៊ីចុងក្រោយបង្អស់ ត្រូវបានបណ្តេញចេញពីទឹកដីដែលទទួលស្គាល់ដោយអន្តរជាតិរបស់ពួកគេ ។ ខ្សែត្រៀមមុខនៃជម្លោះដែលទីក្រុងម៉ូស្គូចាត់ទុកថាជាប្រតិបត្តិការសឹកពិសេស បានរត់ឆ្លងកាត់តំបន់ទាំង ៤ ។
លោកស្រី Ella Pamfilova ដែលជាប្រធានគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោតរុស្ស៊ី បាននិយាយប្រាប់លោក Putinអំឡុងជំនួបនៅវិមានក្រឹមឡាំងថា ចាប់តាំងពីស្ថានភាពពិបាកខ្លាំង អ្វីៗអាចនឹងកើតឡើងបានទាំងអស់ ៕