អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតានយ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានបញ្ចប់ប្រតិបត្តិការប្រឆាំងអំពើភេវនិយម នៅក្នុងទីក្រុង ចេនីន (Jenin) តំបន់ វ៉ែសបែង (West Bank )។

កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្ដើមដកចេញពីជំរំជនភៀសខ្លួនក្រុងចេនីន ក្នុងតំបន់វ៉ែសបែងដែលអ៊ីស្រាអែលគ្រប់គ្រង។
ការដកកម្លាំងចេញនេះ បានបញ្ចប់ប្រតិបត្តិការដ៏ធំរយៈពេល២ថ្ងៃអំឡុងពេលដែលជនជាតិប៉ាឡេស្ទីន១២នាក់ និងទាហានអ៊ីស្រាអែលម្នាក់បានស្លាប់ ។
គេបានលឺស្នូរសំឡេងគ្រាប់កាំភ្លើង និងការផ្ទុះ ពាសពេញជំរំចេនីន ខណៈដំណឹងនៃការដកកម្លាំងនេះ បានកើតមានឡើងកាលពីល្ងាចថ្ងៃអង្គារ។
យោធាអ៊ីស្រាអែល បាននិយាយថាក្រោយមកខ្លួនបានស្ទាក់ចាប់រ៉ូកែត៥គ្រាប់ដែលបានបាញ់សំដៅទៅកាន់អ៊ីស្រាអែល ភាគខាងត្បូង ពីសំណាក់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទី ក្នុងតំបន់កាហ្សា Gaza។
តែពុំមានក្រុមណាមួយចេញមុខទទួលអះអាងភ្លាមៗទេថាខ្លួនជាអ្នកបាញ់រ៉ូកែតទាំងនោះ។

ខណៈមានការដកកងកម្លាំងរបស់អ៊ីស្រាអែលចេញពីទីក្រុងនេះ ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានរាយការណ៍ថា បុរសជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ដោយសារកងកម្លាំងអ៊ីស្រាអែល ។ ក្រុមមន្ត្រីខាងលើនិយាយថាបុរសរងគ្រោះរូបនេះ គឺជាជនជាតិប៉ាឡេស្ទីនទី១២ ដែលបានស្លាប់ក្នុងទីក្រុងនេះ ចាប់តាំងពីថ្ងៃចន្ទមក៕