
យោធាអ៊ីស្រាអែលនិយាយនៅថ្ងៃពុធនេះថា ខ្លួនបានវាយប្រហារលើទីតាំងផលិតអាវុធក្រោមដីនៅក្នុងតំបន់កាន់ កាប់ហ្គាហ្សា ស្រ្ទីប។
កងកម្លាំងការពារអ៊ីស្រាអែល(IDF) បានបញ្ចេញរូបភាពវីដេអូស.ខ្មៅ ដែលពួកគេអះអាងថា បង្ហាញពីការ វាយ ប្រហាររបស់យន្តហោះចម្បាំងលើទីតាំងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា ស្រ្ទីប ។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះ មានគោលដៅរារាំងការប្រឹងប្រែងផលិតអាវុធ និងពង្រឹងកម្លាំងរបស់អង្គការភេរវកម្មហាម៉ាស់ ។
គួរឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល ទើបតែដកចេញពីទីក្រុង Jeninរបស់ប៉ាឡេស្ទីន កាលពីល្ងាចថ្ងៃអង្គារ ក្រោយពួកគេបើកប្រតិបត្តិការយោធាមួយក្នុងចំណោមប្រតិបត្តិការសឹកធំបំផុតនៅក្នុងតំបន់កាន់កាប់វ៉េសប៊ែង នារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
ខណៈពេលនោះដែរ ក្រុមជីវពលប៉ាឡេស្ទីន បានវាយប្រហារដោយមីស៊ីលចេញពីតំបន់ហ្គាហ្សា ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែលផងដែរកាលពីយប់កន្លងទៅ ប៉ុន្តែត្រូវបានបាញ់ស្កាត់ដោយអ៊ីស្រាអែល មុនពេលពួកគេមើលឃើញការវាយប្រហារសងសឹកនៅតំបន់ហ្គាហ្សាវិញ ៕