ភ្នំពេញ៖ ប្រជាពលរដ្ឋ បានបង្ហាញនូវការគាំទ្រ និងពេញចិត្តចំពោះកម្មវីធីនយោបារបស់គណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិទី៧នេះ ពាក់ព័ន្ធនឹងការផ្តល់ការថែទាំសុខភាព ដោយប្រើប្រាស់បណ្ណសមធម៌ និងការពង្រីកសេវាសុខភាព របស់ ប.ស.ស មានទាំងកម្មករ-និយោជិត និងសម្រាប់មន្រ្តីសាធារណៈជាដើម ។
ប្រជាពលរដ្ឋ បានប្រាប់BTV នៅថ្ងៃនេះថា កន្លងទៅ គោលនយោយបាយនេះ គាំពារសង្គម បាន ចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាងមុន តាមរយៈការរួមចំណែក កាត់បន្ថយការចំណាយលើការព្យាលបាលផងដែរ ។
លោកវេជ្ជបណ្ឌិត ហុង លីគួង អនុប្រធានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានលើកឡើងដែរថា បច្ចុប្បន្ន ការពិនិត្យ និងព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកនេះ ភាគច្រើនជាអ្នកប្រើប្រាស់បណ្ណសមធម៌ និងប.ស.ស រីឯអ្នកជំងឺត្រូវបង់ថ្លៃសេវានោះ គឺមានតិច ។
លោកវេជ្ជបណ្ឌិត បានលើកឡើងថា ការប្រើប្រាស់បណ្ណសមធម៌ និង ប.ស.ស មានសារៈសំខាន់ ដែលជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងជឿជាក់ថា វិស័យសុខាភិបាល នឹងរីក ចម្រើនបន្ថែមទៀត ប្រសិនបើគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំរាជរដ្ឋាភិបាល នៅអាណត្តិទី៧នេះ ។
ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងរាស្រ្ត នីតិកាលទី៧ គណបក្សប្រជាជន កម្ពុជា បានដាក់ចេញគោលនយោយសំខាន់ៗជាច្រើន ដើម្បីការពារ និងលើកស្ទួយផលប្រយោជន៍ប្រជាជន ដែលគោលនយោបាយទាំងនោះ មានជាអាទិ៍ ការថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពសង្គម ដើម្បីធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ, ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត, បន្តដំឡើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាក់អាវុធ, បន្តអភិវឌ្ឍន៍គ្រប់ឃុំ-សង្កាត់ ឱ្យមានផ្លូវគមនាគមន៍កាន់តែល្អ និងបន្តអនុវត្តគោលនយោបាយភូមិ/ឃុំ/មានសុវត្ថិភាពជាដើម ៕អត្ថបទ៖ ទូច សោភ័ណ