អាមេរិក៖ កងទ័ពជើងទឹកអាមេរិក បាននិយាយថា ខ្លួនបានធ្វើអន្តរាគមន៍ ដើម្បីរារាំងអ៊ីរ៉ង់កុំឲ្យរឹបអូសយកនាវាដឹកប្រេង២គ្រឿង នៅឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) ដែលជាការវាយប្រហារថ្មីបំផុតទៅ លើនាវានៅក្នុងតំបន់នេះ ចាប់តាំងពីឆ្នាំ ២០១៩។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកអាមេរិក បាននិយាយថា ខ្លួនបានទទួលការហៅទូរស័ព្ទគ្រាអាសន្នពីនាវាដឹកប្រេងមានទង់ជាតិ Bahamas ឈ្មោះ Richmond Voyager ខណៈដែលនាវានេះ ស្ថិតនៅចម្ងាយជាង ២០ម៉ាយ (៣២គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រ Muscat ប្រទេសអូម៉ង់ និងឆ្លងកាត់ដែនទឹកអន្តរជាតិ។
សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹក បានឲ្យដឹងថា៖«នាវាទាហានជើងទឹកអ៊ីរ៉ង់១គ្រឿងទៀត បានចូលមកកៀកក្នុងចម្ងាយ ១ម៉ាយពីនាវា Richmond Voyager ខណៈដែលកំពុងឃាត់នាវាដឹកប្រេងនោះឲ្យឈប់ ដោយបានបន្ថែមថា នាវាMcFaul បានតម្រង់ទិសដៅឆ្ពោះទៅកាន់កប៉ាល់ដឹកប្រេងនោះ ក្នុងល្បឿនអតិបរមា។

កងទ័ពជើងទឹក បាននិយាយថា៖«មុនពេលនាវាMcFaul មកដល់កន្លែងកើតហេតុនោះ ទាហានជើងទឹកអ៊ីរ៉ង់បានបាញ់ជាច្រើនគ្រាប់ទាំងអាវុធធុនតូច និងអាវុធដែលប្រើប្រាស់ដោយក្រុមនាវិក»។
«នាវាRichmond Voyager មិនមានអ្នករងរបួស ឬការខូចខាតអ្វីគួរឱ្យកត់សម្គាល់ទេ។ ទោះជាយ៉ាងណា គ្រាប់កាំភ្លើងជាច្រើនគ្រាប់ បានត្រូវចំតួកប៉ាល់នៅជិតកន្លែងរស់នៅរបស់នាវិក។ នាវាទ័ពជើងទឹកអ៊ីរ៉ង់បានចាកចេញ នៅពេលនាវា McFaul មកដល់»៕