កាតេម៉ាឡា៖ លោក Bernardo Arevalo អ្នកឈានដល់លំដាប់ទី២ ដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសកាតេម៉ាឡា នាពេលថ្មីៗនេះ និយាយថា រដ្ឋាភិបាលនៅពីក្រោយនៃការប៉ុនប៉ងរុញរូបលោកចេញពីការប្រកួតប្រជែង ហើយក្នុងពេលជាមួយគ្នានេះ លោកក៏បានដាក់ជាសំណួរចំពោះលទ្ធផលផងដែរ។

លោក Arevalo បាននិយាយថា៖ «ថ្ងៃនេះ ក្រុមអ្នកនយោបាយពុករលួយនេះ កំពុងប្រឈមជាមួយការពិត ហើយការពិតនោះ គឺថា គណបក្សរបស់ខ្ញុំ មាននៅក្នុងចំនួនសន្លឹកឆ្នោតសរុប ដែលជាលទ្ធផលលំដាប់ទី២ ជាមួយនឹងគម្លាត ៣ពិន្ទុពីគូប្រជែងដទៃទៀត ហើយគណបក្សរបស់ខ្ញុំមានឱកាសឈ្នះ ដែលនោះមានន័យថា ពួកគេនឹងត្រូវបាត់បង់ប្រព័ន្ធគ្រប់គ្រងទាំងស្រុង»។
លោក Arevalo គឺជាបេក្ខជនប្រកួតប្រជែងដែលមានឱកាសស្ដួចស្ដើងបំផុត សម្រាប់ការបោះឆ្នោតជុំទី១ កាលពីសប្តាហ៍មុន ដើម្បីដណ្ដើមតំណែងកំពូលរបស់ប្រទេស។ តែពេលនេះ តុលាការកំពូលរបស់ប្រទេសនេះបានអំពាវនាវឲ្យមានការពិនិត្យនូវសន្លឹកឆ្នោតឡើងវិញ។ លោក Arevalo បានស្ថិតនៅពីក្រោយអតីតស្ត្រីទី១ លោកស្រី Sandra Torres របស់គណបក្សឯកភាពជាតិនៃក្តីសង្ឃឹម (National Unity of Hope) និងនាំមុខលោក Manuel Conde ដែលជាបេក្ខជនមកពីគណបក្សកាន់អំណាច Vamos ដែលបេក្ខជនទាំង ២នាក់ និយាយដូចគ្នាថា មានភាពមិនប្រក្រតី។

ក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) ជាមួយសារព័ត៌មាន Reuters លោក Arevalo បាននិយាយថា លោកជឿថា ការពិនិត្យឡើងវិញនេះ គឺជាការប៉ុនប៉ងរបស់រដ្ឋាភិបាល ដើម្បីឲ្យលោក Conde មកជំនួសរូបលោកវិញ សម្រាប់ការបោះឆ្នោតជុំទី២ ដែលនឹងដំណើរការ នៅខែសីហា ដោយលោកប្រាប់ថា៖ «វាគឺជាភ័ស្តុតាងដែលបង្ហាញថា មានមនុស្សមួយចំនួនកំពុងព្យាយាមរកមើលថា តើមានលក្ខខណ្ឌអ្វីខ្លះ ដែលអាចត្រូវបង្កើតឡើងដើម្បីជួយគាំទ្រលោក Manuel Conde»៕