ស៊ុយអែត៖ យោងតាមសារព័ត៌មានប្រចាំថ្ងៃ Sydsvenskan បានរាយការណ៍ថា សកម្មជនអាកាសធាតុជនជាតិស៊ុយអែត នាង Greta Thunberg ត្រូវបានចោទប្រកាន់ពីបទមិនគោរពបទបញ្ជារបស់នគរបាល ដែលសុំឲ្យចាកចេញពីការតវ៉ាអំពីអាកាសធាតុនៅក្នុងទីក្រុង Malmo ភាគខាងត្បូង កាលពីថ្ងៃទី ១៩ ខែមិថុនា។

នាង Thunberg អាយុ២០ ឆ្នាំ បានចូលរួមក្នុងការតវ៉ាដែលរៀបចំដោយក្រុមសកម្មជនបរិស្ថាន ខណៈដែលពួកគេប៉ុនប៉ងបិទច្រកចូលនិងចេញ ទៅកាន់កំពង់ផែទីក្រុង Malmo ដើម្បីតវ៉ាការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ នាង Thunberg បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ Instagram នៅពេលនោះថា វិបត្តិអាកាសធាតុគឺជាបញ្ហាជីវិត និងការស្លាប់មនុស្សរាប់មិនអស់រួចទៅហើយ។ យើងជ្រើសរើស ពុំមែនជាអ្នកឈរមើលនោះទេ ហើយជំនួសមកវិញដោយបញ្ឈប់ពិតប្រាកដនូវហេដ្ឋារចនាសម្ព័ន្ធឥន្ធនៈហ្វូស៊ីល។ យើងកំពុងទាមទារមកវិញនៅពេលអនាគត។
កាលពីថ្ងៃពុធ ក្រុមនេះបាននិយាយថា បន្ទាប់ពីបានរារាំងសកម្មភាពនានាដែលកំពុងដុតបំផ្លាញអនាគតរបស់យើង ពេលនេះយើងកំពុងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ ខណៈការចោទប្រកាន់កំពុងត្រូវបានដាក់មកលើយើង បទឧក្រិដ្ឋពិតប្រាកដកំពុងកើតឡើងនៅខាងក្នុងដែលយើងបានរារាំង។

ប្រសិនបើត្រូវបានកាត់ទោសពីបទមិនគោរពតាមបទបញ្ជារបស់នគរបាល នាងThunberg អាចនឹងត្រូវពិន័យជាប្រាក់ ឬជាប់ពន្ធនាគាររហូតដល់ ៦ ខែ។ យោងតាមសារព័ត៌មាន Sydsvenskan បានឲ្យដឹងថា រដ្ឋអាជ្ញាលោក Charlotte Ottosen បាននិយាយថា អ្នកមានសេរីភាពដើម្បីធ្វើបាតុកម្ម ប៉ុន្តែអ្នកមិនត្រូវធ្វើបាតុកម្មតាមរបៀបបែបនេះនោះទេ ដែលវាបង្កការរំខានដល់អ្នកដទៃ ។