បាល់ទាត់៖ ជំនួបបង្គ្រប់សប្ដាហ៍ទី២ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ រវាងក្លិបបាល់ទាត់អាស៊ីអឺរ៉ុប និងក្រុមការពារតំណែងជើងឯកបឹងកេត ដែលគ្រោងប្រកួតនាថ្ងៃទី១៦ ខែឧសភាម្សិលមិញត្រូវបានលើកពេលហើយ។ នេះបើយោងតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។
ជុំវិញការប្រកាសលើកពេលភ្លាមៗប្រមាណជាង ៣ម៉ោងមុនការប្រកួតនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាមិនបានបញ្ជាក់អំពីមូលហេតុនោះទេ តែប្រភពពីមន្ដ្រីគណៈកម្មការរៀបចំការប្រកួតបានបង្ហើបថា គណៈកម្មការនឹងធ្វើការជូនដំណឹងអំពីកម្មវិធីប្រកួតថ្មី រវាងក្រុមអាស៊ីអឺរ៉ុប និងក្រុមបឹងកេតនាពេលឆាប់ៗខាងមុខ។ គួរដឹងថា បច្ចុប្បន្នអាស៊ីអឺរ៉ុបកំពុងឈរលេខ៨ និងមាន ៣ពិន្ទុបណ្ដោះអាសន្នបន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ ១ និងចាញ់ ៣។ ចំណែកក្រុមជើងឯក ៤សម័យបឹងកេតនៅមិនទាន់មានពិន្ទុរាប់នោះទេ ក្រោយរងបរាជ័យ ២ប្រកួតផ្ទួនៗលើទឹកដីរបស់ខ្លួនកាលពីដើមរដូវកាល ពោលគឺចាញ់ក្រុមណាហ្គាវើលដ៏ ១-០ និងចាញ់ក្រុមភ្នំពេញក្រោន ២-១៕
អត្ថបទ៖ លី ឈុនឡា